ព័ត៌មានជាតិ

រថយន្ត Ford បុក Highlander ក៏ជ្រុលបុករបងផ្ទះឧកញ៉ា

ភ្នំពេញ:​ រថយន្តម៉ាក RAN GERមួយគ្រឿង បានបើកជ្រុលបុក រថយន្តហាយឡែនឌ័រមួយគ្រឿង ហើយជ្រុលឡើង ចិញ្ចើមផ្លូវបុកចូល ផ្ទះវិឡាឧកញ៉ាម្នាក់ បណ្តាលឲ្យបាក់អស់បង្គោលរបងមួយដើម និងរបងដែកបាក់ប៉ើងចេញ រថយន្តបានជាប់ទៅមុខលែងរួច ។

គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងប្រមាណ ៨និង១០នាទីព្រឹកថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ ២០១៩ នៅចំណុចមុខផ្ទះវិឡាមួយ ផ្លូវលេខ៣៤៨អា ក្នុងបុរីមួយ នៅតាមផ្លូវលេខ៥៩៨ ក្នុងសង្កាត់ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវ។

រថយន្តបើកបុកចូលផ្ទះវិឡានោះ ម៉ាក RAN GER ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2BC.0919 បើកបរដោយឈ្មោះ វ៉ាន់ សុភ័ក្រ ភេទប្រុសអាយុ៤៣ឆ្នាំ មានលំនៅក្បែរកន្លែងកើតហេតុ ។ ចំណែករថយន្ត មួយគ្រឿង ម៉ាក ហាយឡែនឌ័រ ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ2AW.6231 បើកបរដោយជនជាតិចិនឈ្មោះ យិន ហ្វូជិញ ភេទប្រុសអាយុ៣៧ឆ្នាំ មានលំនៅក្នុងបុរីខាងលើ។

តាមសាក្សីបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញ រថយន្ត ហ្វ័តម៉ាក RAN GERនោះ បានធ្វើដំណើរតាមផ្លូវបេតុង ក្នុងទិសដៅពីលិចទៅកើត។ ខណ:មកដល់ចំណុចកើតហេតុ ក៏បានបុកចំក្បាលរថយន្ត ម៉ាកហាយឡែនឌ័រ បើកចេញពីខាងត្បូង បណ្តាលឲ្យរថយន្តខ្ទេចចេញ និងរងការខូចខាតផ្នែកខាងមុខ ។

តាមសាក្សីបានបន្តទៀតថា បន្ទាប់ពីកើតមានគ្រោះថ្នាក់ រថយន្តហ្វ័តម៉ាក RAN GERនោះ ក៏បានជ្រុលចង្កូតទៅស្តាំដៃ បុកឡើងសួនច្បារ និងបុករបងវិឡាលោកឧកញ៉ាម្នាក់ បណ្តាលឲ្យបាក់បង្គោលរបង និង របងដែកប៉ើងចេញ រងការខូចខាតធ្ងន់ធ្ងរ ។

ភ្លាមៗនោះ នគរបាលមូលដ្ឋាន ក៏បានចុះទៅដល់កន្លែងកើតហេតុ ដោយភាគីពាក់ព័ន្ធសម្របសម្រួលមិនត្រូវគ្នា សមត្ថកិច្ចក៏ទាក់ទងជំនាញចរាចរណ៍ ធ្វើការវាស់វែងយករថយន្ត ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោះស្រាយពេលក្រោយ៕

មតិយោបល់