ព័ត៌មានជាតិ

សាលារាជធានីភ្នំពេញនាំយកថវិកា១០លានរៀល ទឹកសុទ្ធ១០០កេសចូលរួម បុណ្យសពបណ្ឌិត កែម ឡី

ភ្នំពេញៈ អ្នកនាំពាក្យរដ្ឋបាលសាលារាជធានីភ្នំពេញ លោក មាន ចាន់យាដា បានប្រាប់ Post News ថា សាលារាជធានីភ្នំពេញ ដឹកនាំដោយលោកស្រី ម៉ក់ វណ្ណស៊ីថា អភិបារងរាជធានីភ្នំពេញ តំណាងលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បាននាំយកថវិកាចំនួន១០លានរៀល និងទឹកសុទ្ធ១០០កេសទៅចូលរួមរំលែកទុក្ខក្នុងបុណ្យសពលោកបណ្ឌិត កែម ឡី ប្រធានអង្គការអភិវឌ្ឍន៍សង្គម នៅវត្តចាស់ក្នុង សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វានាព្រឹកថ្ងៃទី១១ កក្កដា ដោយមានមន្ត្រីអមដំណើរច្រើនរូបទៀតផងដែរ។

លោក មាន ចាន់យាដា បានបញ្ជាក់ថា លោកស្រី ម៉ក់ វណ្ណស៊ីថា រួមនិងមន្ត្រីអមដំណើរ បានលំអោនកាយវាចារចិត្តនៅចំពោះមុខកំរងផ្កាដែលតម្កល់នៅមុខសាកសពលោកបណ្ឌិត កែម ឡី និងនៅចំពោះមុខភរិយាមេម៉ាយព្រមទាំងកូន និងសាច់ញាតិនៃសពប្រកបដោយទឹកចិត្តក្តុកក្តួល និងសូមឲ្យវិញ្ញាណក្ខន្ធលោកបណ្ឌិត កែម ឡី ទៅសោយសុខក្នុងដា្ឋនសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

អ្នកនាំពាក្យសាលារាជធានីភ្នំពេញលោក មាន ចាន់យាដា បានបញ្ជាក់ថាសាលារាជធានីភ្នំមានការសោកស្តាយយ៉ាងខ្លាំងក្នុងការបាត់បង់ជីវិតលោកបណ្ឌិត កែម ឡី គឺជាការបាត់បង់ធនធានមនុស្សដ៏សំខាន់ម្នាក់សម្រាប់សង្គមផងដែរ។ ហើយ ដើម្បីជាការចូលរួមរំលែកទុក្ខចំពោះគ្រួសារសពរដ្ឋបាលសាលារាជធានីបាននាំយកថវិកា១០លានរៀល នឹងទឹកសុទ្ធ១០០កេស មកចូលរួមបុណ្យសពលោកបណ្ឌិត កែម ឡី។

គួរបញ្ជាក់ផងដែរថា លោកបណ្ឌិត កែម ឡី ត្រូវបានឃាតករបាញ់សម្លាប់នៅម៉ោង៨និង៥០នាទី ព្រឹកថ្ងៃទី១០កក្កដា ឆ្នាំ២០១៦នៅក្នុង Star mart នៃស្ថានីយ៍ប្រេងឥន្ទនៈបូកគោកែងមហាវិថីព្រះមុនីវង្ស និងមហាវិថីម៉ៅសេទុង ស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមនរាជធានីភ្នំពេញ៕

មតិយោបល់