ភ្នំពេញៈ កាលពីវេលាម៉ោង ៦និង៣០នាទីយប់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩ រហូតមកដល់យប់ថ្ងៃទី២២ ខែឆ្នាំដដែល ក្រុមអ្នកជួលផ្ទះស្នាក់ នៅក្នុងភូមិត្រពាំងថ្លឹងទី២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បាននាំគ្នាផ្ទុះការតវ៉ាបិទផ្លូវ ខណៈម្ចាស់ផ្ទះជួលឡើងថ្លៃបន្ទប់ ។
ប្រភពពីកម្មករ កម្មការិនីស្នាក់នៅផ្ទះជួល បានឲ្យដឹងថា ពួកគាត់ទើបមកពីស្រុកភ្លាម បានឮដំណឹងថា ម្ចាស់ផ្ទះជួល នឹងដំឡើងថ្លៃឈ្នួល១០ដុល្លារ ហើយនៅក្នុងនោះ ផ្ទះជួលធ្លាប់យកថ្លៃ៣០ដុល្លារ បានឡើងដល់៤០ដុល្លារ បូកសរុបទាំងថ្លៃទឹកភ្លើងផង នោះអស់ប្រមាណ៦០ដុល្លារ តើលុយសល់ប៉ុន្មាន ដើម្បីចាយវាយក្នុងក្រុមគ្រួសារ? ។
តាមប្រភពព័ត៌មានពីលោកចៅសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ប្រាប់ឲ្យដឹងថា ផ្ទះជួលដែលមានការគ្រប់គ្រងរបស់គាត់ មានផ្ទះជួលប្រមាណជាង៨០០បន្ទប់ និងមានមនុស្សរស់នៅប្រមាណជាង១ម៉ឺននាក់ ពាក់ព័ន្ធនឹងរឿងម្ចាស់ផ្ទះដំឡើងថ្លៃឈ្នួលថ្លៃពេក បានធ្វើឲ្យប្រជាពលរដ្ឋនាំគ្នាបិទផ្លូវ ដើម្បីតវ៉ា កាលវេលាម៉ោងប្រហែល ៤ទៅ៥រសៀល។ ក្រុមកម្មករ កម្មការិនី បានមកតវ៉ាម្តងរួចមកហើយ ដោយលោក ក៏បានមកសម្របសម្រួលថា នៅថ្ងៃទី២២ ខែមេសា នឹងកោះហៅម្ចាស់ផ្ទះខាងលើទៅសាលាខណ្ឌ ដើម្បីចរចាគ្នារកដំណោះស្រាយ។
តាមរយៈលោក កង វង ចៅសង្កាត់ចោមចៅទី១ បានបន្តថា ក្រោយពីហៅម្ចាស់ផ្ទះទៅសាលាសង្កាត់ ធ្វើការសម្របសម្រួល និងពន្យល់រួចម្ចាស់ផ្ទះ បានបញ្ចុះសល់ត្រឹម៥ដុល្លារតែប៉ុណ្ណោះ លោកបានបន្តទៀតថា លោករួមទាំងអភិបាលខណ្ឌ បានសំណូមពរដល់ម្ចាស់ផ្ទះ បើចង់ឡើងថ្លៃផ្ទះជួល សូមជូនដំណឹងដល់អ្នកជួល៣ខែមុន។
សូមបញ្ជាក់៖ ក្រោយពីការសម្របសម្រួល កម្មការិនីខ្លះ ក៏យល់ព្រមខ្លះទៀត ក៏មិនទាន់យល់ព្រម។
តាមការសង្កេតរហូតដល់ពេលនេះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ មិនទាន់មានដំណោះស្រាយណាសមស្រប នៅទ្បើយទេ ឃើញតែចុះទៅធ្វើការសម្របសម្រួល ហើយក៏ស្ងាត់ឲ្យឈឹង៕
មតិយោបល់