ព័ត៌មានជាតិ

វាយតប់មិនឈ្នះគេ រត់ទៅប្តឹងសមត្ថកិច្ចថា ចោរប្លន់យកម៉ូតូ ចុងក្រោយដេកប៉ុស្តិ៍

ភ្នំពេញៈ យុវជនបួននាក់ ក្នុងចំណោមបក្ខពួក៦ទៅ៧នាក់ទៀត ត្រូវបានសមត្ថកិច្ចនាំខ្លួនមកឲ្យបោសសម្អាតប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី បន្ទាប់ពីវាយតប់គ្នារត់ចោលម៉ូតូ រួចមកប្តឹងសមត្ថកិច្ចថា គេវាយប្លន់យកម៉ូតូទៅវិញ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ ត្រង់ចំណុចខាងមុខក្លឹបកម្សាន្តហ៊្សូកក្លឹប តាមបណ្ដោយផ្លូវ១០៨៦ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនកើតហេតុគេឃើញយុវជនទាំងបួននាក់ខាងលើ និងបក្ខពួក៦ទៅ៧នាក់ទៀត បានជិះម៉ូតូ៤ទៅ៥គ្រឿង ចេញមកពីក្នុងក្លឹបកម្សាន្តខាងលើ។ ដោយយុវជនទាំងនោះ បានដាក់ខ្សែក្រវ៉ាត ដេញវាយគ្នា ជាមួយនិងយុវជនមួយក្រុមផ្សេងទៀត នៅកន្លែងកើតហេតុ។ ប៉ុន្តែដោយយុវជនទាំងបួននាក់ រួមនិងបក្ខពួកវាយមិនឈ្នះភាគីខាងទៀត ទើបក៏បាននាំគ្នារត់គេចខ្លួនបាតជើងសព្រាត់ បន្សល់ទុកម៉ូតូមួយគ្រឿង ម៉ាកស៊ុយស័រគីឡែត ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1GR-8941 នៅកន្លែងកើតហេតុ។

ភ្លាមៗនោះក៏មានសន្តិសុខយាមនៅក្លឹបកម្សាន្តខាងលើ បានចេញមកអន្តរាគមន៍ បណ្តាលឲ្យក្រុមយុវជន ដែលជាភាគីម្ខាងទៀតរត់គេចខ្លួនបាត់ស្រមោលផងដែរ។

ខណៈនោះសន្តិសុខ ក៏បានទៅយកម៉ូតូខាងលើ ដែលយុវជនទាំងបួននាក់ និងបក្ខពួកបានបន្សល់ទុកនៅកន្លែងកើតហេតុ យកទៅរក្សាទុកនៅក្នុងក្លឹបកម្សាន្តខាងលើ។

ក្រោយកើតហេតុយុវជនទាំងបួននាក់ខាងលើ និងបក្ខពួកក៏បាននាំគ្នា ជិះម៉ូតូទៅប្តឹងសមត្ថកិច្ចចរាចរណ៍ផ្លូវគោក ដែលប្រចាំការនៅគោលដៅខាងលើ ក្រោមស្ពានអាកាសផ្សារដីហុយថា ពួកគេត្រូវបានគេវាយប្លន់យកម៉ូតូនៅត្រង់ចំណុចកើតហេតុ។ ពេលនោះសមត្ថកិច្ច ក៏ប្រញាប់ប្រញាល់រាយការណ៍តាមវិទ្យុទាក់ទង (ID)ទៅប្រាប់សមត្ថកិច្ចមូលដ្ឋាន បង្កឲ្យមានការភ្ញាក់ផ្អើលចុះមកធ្វើការនាំយុវជនទាំងនោះ ទៅសាកសួរដល់កន្លែងកើតហេតុ ភ្លាមៗតែម្ដង។

ដោយនៅពេលសមត្ថកិច្ចមូលដ្ឋាន ចុះទៅដល់ទីតាំងកើតហេតុ សន្តិសុខយាមក្លឹបកម្សាន្តហ៊្សូកក្លឹប បានប្រាប់ទៅកាន់សមត្ថកិច្ចវិញថា «មិនមែនជាករណីវាយប្លន់យកម៉ូតូនោះទេ គឺជាករណីឈ្លោះទាស់ទែងគ្នា វាយតប់គ្នាប៉ុណ្ណោះ រួចសន្តិសុខ ក៏បានយកម៉ូតូរបស់យុវជនខាងលើ ប្រគល់ទៅឲ្យសមត្ថកិច្ចមូលដ្ឋានយកទៅរក្សាទុកបន្ត។

បច្ចុប្បន្នយុវជនទាំងបួននាក់ខាងលើ ត្រូវបានសមត្ថកិច្ចនាំខ្លួនយកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី ចំណែកឯបក្ខពួកផ្សេងទៀត បានរត់គេចខ្លួនបាត់ បន្ទាប់ពីសមត្ថកិច្ចធ្វើការសាកសួរនាំដឹងរឿង។

ចំណែកយុវជនទាំងបួននាក់ខាងលើ ត្រូវបានសមត្ថកិច្ចអប់រំពិន័យឲ្យបោសសម្អាតប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មីឲ្យស្អាតរង់ចាំព្រឹកស្អែក ទាក់ទងហៅអាណាព្យាបាលឲ្យមកធានា យកត្រលប់ទៅផ្ទះវិញ៕

មតិយោបល់