ព័ត៌មានជាតិ

នារីបុគ្គលិកខារ៉ាអូខេសំរិទ្ធពេជ្រម្នាក់ ត្រូវចោរឆក់ទូរស័ព្ទ នៅខណ្ឌសែនសុខ

ភ្នំពេញ: ម៉ូតូរបស់ជនសង្ស័យមួយគ្រឿង ត្រូវបានសមត្ថកិច្ចនាំយកទៅរក្សាទុកនៅប៉ុស្តិ៍ បន្ទាប់ពីជិះធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីនារីបុគ្គលិកខារ៉ាអូខេសំរិទ្ធពេជ្រពីរនាក់បានសម្រេច បណ្តាលឲ្យដួលម៉ូតូ រួចជនសង្ស័យ ក៏ងើបរត់ចោលម៉ូតូបាត់ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ច កាលពីវេលាម៉ោង១១យប់ថ្ងៃទី២៣ខែមេសា ឆ្នាំ២០១៩ ត្រង់ចំណុចខាងខារ៉ាអូខេប៊េះស្តារ តាមបណ្ដោយផ្លូវ៥៩៨ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ជនរងគ្រោះឈ្មោះ ម៉ៅ ស្រីណាវ ភេទស្រី អាយុ២៩ឆ្នាំ ជាបុគ្គលិកខារ៉ាអូខេសំរិទ្ធពេជ្រ ស្នាក់នៅជាមួយគ្នា មានស្រុកកំណើតភូមិត្រពាំងត្រាវ ឃុំគោកចក ស្រុកកំពង់ត្របែក ខេត្តកំពង់ចាម។

តាមប្រភពពីជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះ និងនារីជាមិត្តភក្តិម្នាក់ទៀត បានជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1N-6530 បានជិះដឹកគ្នាចេញពីកន្លែងធ្វើការបម្រុង ទៅផ្ទះនៅត្រឡោកបែក ដែលជនរងគ្រោះអង្គុយខាងក្រោយ ដោយធ្វើដំណើរពីជើងទៅត្បូង តាមបណ្ដោយផ្លូវ៥៩៨។

មកដល់ចំណុចកើតហេតុ ក៏ស្រាប់លេចមុខជនសង្ស័យម្នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាប៊ីត ពណ៌សលាយក្រហម ពាក់ស្លាកលេខ ភ្នំពេញ1HE-0885 ជិះមកពីក្រោយម៉ូតូជនរងគ្រោះ រួចជនសង្ស័យ បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃមួយគ្រឿង ពីជនរងគ្រោះ ដែលកាន់នៅនិងដៃ បណ្តាលឲ្យម៉ូតូរបស់ជនរងគ្រោះ និងជនសង្ស័យដួលនៅលើផ្លូវទាំងពីរគ្រឿង។

ភ្លាមៗនោះដោយជនសង្ស័យភ័យស្លន់ស្លោ ស្ទុះងើបយកទូរស័ព្ទរបស់ជនរងគ្រោះ រត់ឡើងជិះម៉ូតូរបស់បក្ខពួកមួយគ្រឿងទៀត មិនចាំម៉ាកគេចខ្លួនបាត់ស្រមោល បន្សល់ទុកម៉ូតូមួយគ្រឿងខាងលើនៅកន្លែងកើតហេតុ។

សម្ភារ:បាត់បង់៖ ទូរស័ព្ទម៉ាកសាំសុងជេហ្វ័រផ្លើស និងមានលុយជាប់ នៅក្នុងសំបកទូរស័ព្ទចំនួន២០ដុល្លារផងដែរ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះទៅដល់កន្លែងកើតហេតុ រួចនាំជនរងគ្រោះទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី។ ចំណែកឯម៉ូតូជនសង្ស័យ សមត្ថកិច្ចយកទៅរក្សាទុក រងចាំធ្វើកាស្រាវជ្រាវចាប់ជនសង្ស័យមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕

មតិយោបល់