ភ្នំពេញ: កម្លាំងនគរបាល នៃនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និង ការពារអនិតិជន នៃក្រសួងមហាផ្ទៃ សហការជាមួយ និងកម្លាំងនគរបាលខណ្ឌចំការមន បានចុះបង្ក្រាបទតាំងជួញដូរផ្លូវភេទ មួយកន្លែងដែលជ្រកក្រោមស្លាកម៉ាស្សា និងកោសជប់មួយកន្លែង ដោយធ្វើការឃាត់ខ្លួនស្ត្រីម្ចាស់ទីតាំងម្នាក់ និងស្ត្រីរកស៊ីផ្លូវភេទចំនួន ៦នាក់ផងដែរ។ ប្រតិបត្តិការបង្ក្រាបនេះ បានធ្វើឡើងកាលពីវេលាម៉ោង៣និង១៥នាទី រសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧នេះ នៅចំណុចផ្ទះលេខ៤៧៧ DEo ផ្លូវលេខ៥១៤ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។
តាមប្រភពព័ត៌មានពីមន្ត្រីនគរបាលមូលដ្ឋានម្នាក់ បានប្រាប់ឱ្យដឹងថា ក្នុងនប្រតិបត្តិការបង្ក្រាបទីតាំងជួញដូរផ្លូវភេទ នៅក្នុងទីតាំងខាងលើនេះដែរ គឺបានធ្វើឡើងក្រោយពីមានការស្រាវជ្រាវរបស់កម្លាំងជំនាញ នៃនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន នៃក្រសួងមហាផ្ទៃ បានរកឃើញថា ទីតាំងខាងលើពិតជាមានការបង្កប់បម្រើផ្លូវភេទប្រាកដមែន។ ទើបក្នុងថ្ងៃនេះកម្លាំងរបស់លោក ធ្វើការសហការជាមួយ និងនគរបាលខណ្ឌចំការមន ឆ្មក់ចុះបង្ក្រាបតែម្តង ដោយធ្វើការឃាត់ខ្លួនស្ត្រីជាម្ចាស់ទីតាំងម្នាក់ និងស្ត្រីប្រកបរបរផ្លូវភេទចំនួន៦នាក់ និងរកឃើញវត្ថុតាងមួយចំនួនទៀតផងដែរ។
ក្រោយពីបានចុះប្រតិបត្តិការបង្ក្រាបនូវទីតាំងជួញដូរផ្លូវភេទ ជ្រកក្រោមស្លាកម៉ាស្សា និងកោសជប់ខាងលើនេះ ស្ត្រីទាំង៧នាក់ដែលមានម្ចាស់ម្នាក់ផងដែរនោះ រួមទាំងវត្ថុតាមួយចំនួនទៀត បាននាំទៅកាន់នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជននាំក្រសួងមហាផ្ទៃ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់ជាបន្តទៅទៀត៕
មតិយោបល់