ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ ត្រូវកម្លាំងនគរបាលឃាត់ខ្លួន ករណីធ្វើឲ្យខូចខាតដោយចេតនា

កណ្ដាល: យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ថ្ងៃច័ន្ទ១២រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣៤ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង១៥និង២០នាទី មានករណីធ្វើឲ្យខូចខាតដោយចេតនានៅចំណុចច្រាំងទន្លេមេគង្គលើ ក្រោយផ្ទះរបស់ឈ្មោះ ទុលាស់ ឯល ភូមិជ្រោយមេត្រីលើ ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ ឯល អះស្អារី ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរអ្នកនេសាទត្រី មានទីលំនៅសព្វថ្ងៃភូមិជ្រោយមេត្រីលើ ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្ត កណ្តាល ។ រីឯជនសង្ស័យឈ្មោះ ឯល សាភីយ៉ាន ភេទប្រុស អាយុ២៨ឆ្នាំជនជាតិខ្មែរឥស្លាម មុខរបរអ្នកនេសាទត្រី មានទីលំនៅសព្វថ្ងៃភូមិជ្រោយមេត្រីលើ ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល ។
វត្ថុតាងចាប់យកបាន៖ ១.ដាវដែកកែច្នៃ ដងឈើចំនួន០១ ។ ២.កាំបិតចុងស្រួចដងជ័រចំនួន០១ ។

សភាពនៃរឿងហេតុ៖ កន្លងមកជនសង្ស័យជាមនុស្សប្រើប្រាស់គ្រឿងញៀន និងធ្លាប់បង្កអុកឡុក គំរាមកំហែង ប្រពន្ធកូននិងឪពុកម្ដាយ ជាច្រើនដង ហើយកាលពីឆ្នាំ២០១៨ ជនសង្ស័យធ្លាប់បានក្រុមគ្រួសារយកទៅដាក់មណ្ឌលកែប្រែបន្សាបគ្រឿងញៀនចំនួន០២លើក រួចមកហើយ ។ លុះនៅថ្ងៃកើតហេតុវេលាម៉ោង១៥និង២០នាទី ជនសង្ស័យបានកាន់ដាវដែកកែច្នៃរបស់ខ្លួនចេញពីផ្ទះ ទៅរកកាប់ជនរងគ្រោះ និងក្រុមគ្រួសារ ហើយបានស្រែកគំរាមរកសម្លាប់ជនរងគ្រោះនិងក្រុមគ្រួសារ ថែមទៀត ដោយជនរងគ្រោះឃើញសភាពដូច្នេះ ជនរងគ្រោះនិងក្រុមគ្រួសារមិនហ៊ានតបតអ្វីឡើយ ។ បន្ទាប់មកជនសង្ស័យបានកាន់ដាវរបស់ខ្លួនចុះទៅលើទូករបស់ជនរងគ្រោះដែលចតនៅមាត់ទឹកច្រាំងទន្លេ ហើយក៏បានធ្វើសកម្មភាពកាប់បំផ្លាញទូករបស់ជនរងគ្រោះ បណ្ដាលឱ្យខូចខាត ពេលនោះជនរងគ្រោះក៏បានទូរស័ព្ទទៅប្ដឹងសមត្ថកិច្ចប៉ុស្តិ៍នគបាលរដ្ឋបាលឫស្សីជ្រោយ ចំណែកជនសង្ស័យក្រោយពីធ្វើសកម្មភាពកាប់បំផ្លាញទូករបស់ជនរងគ្រោះរួចមក ជនសង្ស័យក៏បានយកដាវរបស់ខ្លួន លាក់ទុកក្នុងទូកនោះ ក្រោយមកជនសង្ស័យក៏ដើរឡើងមកផ្ទះរបស់ខ្លួនវិញ ។ មួយសន្ទុះក្រោយសមត្ថកិច្ច ក៏បានចុះទៅដល់កន្លែងកើតហេតុ ហើយសមត្ថកិច្ចក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យ ហើយក្នុងពេលនោះជនសង្ស័យក៏បានដកកូនកាំបិតយកមកគំរាមសមត្ថកិច្ចថែមទៀត ប៉ុន្តែសមត្ថកិច្ចក៏ចូលទៅឃាត់ខ្លួនជនសង្ស័យយកមកប៉ុស្តិ៍ដើម្បីធ្វើការសួរនាំ ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានយកដាវទៅធ្វើសកម្មភាពកាប់បំផ្លាញទូករបស់ជនរងគ្រោះនិងបានយកកូនកាំបិតមកគំរាមសមត្ថកិច្ចពិតមែន។ ចំពោះជនសង្ស័យត្រូវបានឃុំខ្លួនបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកមុខកំពូល។
ករណីនេះជំនាញកំពុងកសាងសំណុំរឿង ដើម្បីបន្តចាត់ការតាមនីតិវិធី ៕

មតិយោបល់