ភ្នំពេញៈ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង ៤និង៣នាទី ប៉ុស្តិ៍រដ្ឋបាលគោកឃ្លាង បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីឆបោក (ក្លែងលេខបើកយកប្រាក់) នៅចំណុចក្នុងក្រុមហ៊ុនឆ្នោតម៉ូឌែនឡូធឺរី ផ្លូវបេតុង ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ជនសង្ស័យឈ្មោះ ហ៊ូរ សារ៉ន ភេទប្រុស អាយុ ៤០ឆ្នាំ មុខរបររត់ម៉ូតូឌុប ជនជាតិខ្មែរ ស្នាក់នៅបន្ទប់ជួល ភូមិសង្កាត់ខាងលើ (គ្មានសារធាតុញៀន) ។ ជនរងគ្រោះមានឈ្មោះ លុយ ចន្ទ័តារា ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនឆ្នោតម៉ូឌែនឡូធឺរី ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ១៥២៨ ផ្លូវជាតិលេខ៥ ភូមិឃ្លាំងសាំង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
សម្ភារៈដែលបាត់មាន៖ លុយរៀលចំនួន ៦០០,០០០រៀល ។
សម្ភារៈបន្សល់ទុកមាន៖ សន្លឹកឆ្នោត០៥សន្លឹក ម៉ូតូ០១គ្រឿងម៉ាក សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៩ ពាក់ស្លាកលេខ កណ្តាល 1Q-2029 របស់ជនសង្ស័យ ។
ដំណើររឿងហេតុ៖ មុនពេលកើតហេតុ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង ៧និង០០នាទី ជនសង្ស័យ បានឈប់ម៉ូតូរងចាំដឹកម៉ូយ នៅចក្រចូលផ្សារបឹងបៃតង (សង្កាត់គោកឃ្លាង) ស្រាប់តែមានមនុស្សម្នាក់មិនស្គាល់ឈ្មោះ បានហៅជនសង្ស័យ ដឹកទៅទិញស្លឹកឆ្នោតនៅម្តុំវត្តសំរោងអណ្តែត។
លុះវេលាម៉ោង ៨និង០០នាទីពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ មនុស្សប្រុសមិនស្គាល់ឈ្មោះ ទូរសព្ទ័ហៅជនសង្ស័យ ឲ្យទៅជួបខ្លួន នៅការ៉ាស់សាំងម្តុំពេទ្យលោកសង្ឃ យកសន្លឹកឆ្នោតទៅបើកយកប្រាក់ នៅក្រុមហ៊ុនឆ្នោតចំណុចកើតហេតុខាងលើ បានលុយចំនួន៦០០,០០០រៀល រួចយកលុយទៅឲ្យមនុស្សប្រុសមិនស្គាល់ឈ្មោះ នៅម្តុំការ៉ាស់សាំងពេទ្យលោកសង្ឃវិញ ដោយទទួលបានសេវ៉ាចំនួន ២០,០០០រៀល។
រហូតដល់ម៉ោង ៤និង៣០នាទីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ ជនសង្ស័យណាត់ជួបមនុស្សប្រុស មិនស្គាល់ឈ្មោះ នៅមុខវត្តទឹកថ្លា យកសន្លឹកឆ្នោតក្លែងក្លាយទៅក្រុមហ៊ុនឆ្នោត ប្តូរយកលុយ តែត្រូវជនរងគ្រោះដឹងថា ជាសន្លឹកឆ្នោតក្លែងក្លាយ ក៏ធ្វើការឃាត់ខ្លួនជនសង្ស័យ ប្រគល់ឲ្យសមត្ថិកិច្ចប៉ុស្តិ៍ រដ្ឋបាលគោកឃ្លាងធ្វើការសាកសួរ រួចជនរងគ្រោះបានដាក់ពាក្យបណ្តឹងចោទប្រកាន់ជនសង្ស័យតែម្តង។
បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការតាមនិតិវិធី៕
មតិយោបល់