ព័ត៌មានជាតិ

ឆ្ងាញ់ណាស់មែនទេ! សាច់.កោះ.ឆ្អឹង និងស្លាបមាន់ ខូចគុណភាពនាំចូលពីប្រទេសថៃប្រមាណ៧០០គីឡូ(ចំណីក្រពើ)ត្រូវបំផ្លាញចោល

បន្ទាយមានជ័យៈ សាច់មាន់ កោះមាន់ ឆ្អឹងមាន់ និងស្លាបមាន់ ខូចគុណភាពនាំចូលពីប្រទេសថៃប្រមាណជិត៧០០គីឡូក្រាម ត្រូវបានមន្ត្រីការិយាល័យបសុព្យាបាលខេត្តបន្ទាយមានជ័យ សហការជាមួយមន្ត្រីសាខាកាំកុងត្រូលខេត្ត បានធ្វើការស្ទាក់ចាប់ និងដុតបំផ្លាញចោល កាលពីរសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៧ ក្នុងបរិវេណការិយាល័យកសិកម្ម ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។

លោក ហ៊ុយ ទូច ប្រធាការិយាល័យបសុព្យាបាល នៃមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យបានឲ្យដឹងថា ដើម្បីទប់ស្កាត់ហានីយភ័យជំងឺឆ្លង និងបង្វែរមកលើកកម្ពស់ការចិញ្ចឹមសត្វក្នុងស្រុករបស់ពលរដ្ឋកម្ពុជា ទៅតាមវិធានការក្តៅរបស់លោក វ៉េង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខប្រមាញ់និងនេសាទ ក៏ដូចលោក សេន សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ រូបលោកក៏ដូចជាមន្ត្រីរបស់លោក បាននិងកំពុងខិតខំប្រឹងប្រែង បង្កាទប់ស្កាត់ការចរាចរសត្វនិងការនាំចូលសត្វ ឬផលិតផលសាច់សត្វពីក្រៅប្រទេសចូលកម្ពុជា ជាក់ស្តែងថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៧នេះ មន្ត្រីរបស់លោកបាន ស្ទាក់ចាប់ និងដកហូតដុតកម្ទេចចោលនូវ ផលិតផលបក្សី រួមមាន ឆ្អឹងមាន់ (សម្រាប់ធ្វើចំណីក្រពើ) កោះមាន់ ភ្លៅមាន់ ចុងស្លាបមាន់ និងជង្គង់មាន់ សរុបចំនួន៥៦៥ គីឡូក្រាម ជារបស់ឈ្មួញម្នាក់ឈ្មោះ អ៊ួច ង៉ា ភេទស្រី អាយុ៣២ឆ្នាំ មានទីលំនៅសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដឹកតាមរថយន្តរបស់ឈ្មោះ យឹន សុភ័ណ ភេទប្រុស អាយុ៥៣ឆ្នាំ ។

ក្នុងថ្ងៃជាមួយគ្នានោះដែរ លោក ហុង លៀង អនុប្រធានសាខាទទួលបន្ទុក ប្រធានការិយាល័យ ប្រមូលចំណូល និងទីផ្សារ នៃសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា អនុវត្តតាមការណែនាំរបស់លោក ស៊ាន ស៊ីណាត ប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ លើកិច្ចការងារទប់ស្កាត់ និងបង្ក្រាបការនាំចូលផលិតផល ទំនិញ និងចំណីរអាហារខូចគុណភាព ទើបលោកដឹកនាំមន្ត្រីរបស់លោក ធ្វើការស្រាវជ្រាវរហូតរកឃើញ និងដកហូតនូវសាច់មាន់ខូចគុណភាព រួមមាន ឆ្អឹងមាន់ (សម្រាប់ធ្វើចំណីរក្រពើ) និងកោះមាន់ សរុបចំនួន ១០០គីឡូក្រាម ហើយចូលរួមដុតកម្ទេចចោលជាមួយការិយាល័យបសុព្យាបាលខេត្ត។

សូមបញ្ជាក់ផងដែរថា ការបង្រ្កាបនេះមន្រ្តីជំនាញមិនបានឃាត់ខ្លួនអ្នកដឹកផលិតផលខូចគុណភាពនោះទេ ដោយយល់ថាពួកគាត់មិនទាន់យល់ពីច្បាប់ និងជាលើកទី១ដោយគ្រាន់តែណែនាំនិងឲ្យពួកគាត់ធ្វើកិច្ចសន្យាបញ្ឈប់ការស៊ីឈ្នួលដឹកផលិតផលបក្សីខុសច្បាប់ទៀត៕

https://youtu.be/u4RCRU6TPQ8

មតិយោបល់