ព័ត៌មានជាតិ

ចោរឆក់ប៉ះចំថ្ងៃស៊យ មិនសម្រេច ស្លន់រត់គេចខ្លួន ជិះទៅបុករថយន្ត ចាប់បានទាំង ២នាក់

ភ្នំពេញ: ជនសង្ស័យ២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ច ប្រជាពលរដ្ឋ ចាប់ជាប់ភ្លាមៗ ក្រោយធ្វើសកម្មភាពឆក់ ទ្រព្យសម្បត្តិពលរដ្ឋ តាមដងផ្លូវ តែមិនបានសម្រេច ត្រូវគេស្រែកថាចោរៗ ភ័យស្លន់ ជិះម៉ូតូគេចខ្លួន តែមិនរួច ជ្រុលទៅបុករថយន្តដួល ចាប់ជាប់បានទាំង២នាក់ កាលពីវេលាម៉ោង៣និង២០នាទីរសៀល ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅក្បែរផ្សារអ៊ីអន២ ភូមិប៉ាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ ជនសង្ស័យ ទាំង២នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ បានធ្វើសកម្មភាពឆក់កាបូប ពីអ្នកដំណើរ ស្រីម្នាក់ នៅខាងមុខផ្សារម៉ាក្រូ តែមិនបានសម្រេច ដោយមានការភ័យ ក៏ជិះម៉ូតូរត់គេច ដល់ក្នុងបុរីពិភពថ្មី ក្បែរផ្សារអ៊ីអន ជ្រុលទៅបុករថយន្តអ្នកដំណើរតាមផ្លូវ ដួលខ្លួនឯង ហើយក៏ត្រូវពលរដ្ឋ សមត្ថកិច្ច ចាប់ក្របួចជាប់បានទាំង២នាក់តែម្តង ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបាននាំខ្លួនទៅសាកសួរ នៅប៉ុស្តិ៍ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅផ្នែកជំនាញអធិការដ្ឋានខណ្ឌសែនសុខ បន្តតាមនីតិវិធី ៕

មតិយោបល់