ភ្នំពេញៈ ជនជាតិចិនជាង៦០នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ ធ្វើការបណ្តេញចេញតាមច្រកទ្វាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឆ្ពោះតាមជើងយន្តហោះរបស់ប្រទេសចិន ទៅកាន់មាតុភូមិវិញ នារសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦នេះ ។
លោក ឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តន៏នីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃបានឲ្យដឹងថា ជនជាតិចិនតៃវ៉ាន់ និងចិនដីគោក ដែលសមត្ថកិច្ចធ្វើការបណ្តេញចេញពីក្នុងប្រទេសកម្ពុជាខាងលើនេះ គឺធ្វើឡើង បន្ទាប់ពីជនអន្តោប្រវេសន៍ទាំង ៦៣នាក់ ក្នុងនោះមានស្រីចំនួន ៨នាក់ ត្រូវបានសមត្ថកិច្ចអន្តោប្រវេសន៍ប្រទេសកម្ពុជា ចុះធ្វើការបង្ក្រាបបានកាលពីល្ងាចថ្ងៃទី ៣០ ខែសីហា ២០១៦ នៅចំណុចខុនដូរមួយកន្លែង ដែលមានទីតាំង ស្ថិតនៅតាមបណ្តោយផ្លូវ សូនិច ក្នុងភូមិព្រែកជាងព្រំសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីពេលកន្លងទៅនេះ ។ ដោយចោទប្រកាន់ពីបទកំហែងទារប្រាក់តាមប្រពន្ធ័អ៊ីនធឺណេត រួមនិងបន្តធ្វើការរឹបអូសវត្ថុតាងបានរួមមាន ឧបករណ៍សម្រាប់ប្រើប្រាស់ជាគ្រឿងអេឡិចត្រូនិច សម្រាប់ធ្វើសកម្មភាពកំហែងទារប្រាក់ មួយចំនួនធំ ផងដែរ ។
លោកបានបន្តថា រហូតមកទល់នឹងរសៀលថ្ងៃនេះ សមត្ថកិច្ចកម្ពុជា បានសហការជាមួយនឹងសមត្ថកិច្ចរបស់ប្រទេសចិន សម្រេចធ្វើការបណ្តេញជនអន្តោប្រវេសន៍ទាំង៦៣នាក់ ទៅកាន់ប្រទេសរបស់ខ្លួនវិញ តាមជើងយន្តហោះរបស់ប្រទេសចិន ដើម្បីឆ្ពោះទៅមាតុភូមិរបស់ខ្លួនវិញ៕

















https://youtu.be/axzKD0lUO4E
មតិយោបល់