ព័ត៌មានជាតិ

គោយន្តកន្រ្តៃ បើករបូតកង់ ត្រូវរថយន្តបុកពីក្រោយពេញទំហឹង បណ្ដាលឲ្យរបួស ២នាក់

កណ្ដាល: នៅវេលាម៉ោង ៩និង១៦នាទីព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ គោយន្តកន្ត្រៃ១គ្រឿងរបូតកង់មួយចំហៀង ត្រូវរថយន្តបើកមកពីក្រោយ បុកពេញមួយទំហឹង បណ្ដាលឲ្យមានអ្នករងរបួស តាមបណ្ដោយផ្លូវជាតិលេ៥ ចន្លោះគីឡូម៉ែត្រ២៣-២៤។

ជនបង្កឈ្មោះ ហ៊ុន សៀងហាន ភេទប្រុស អាយុ២៦ឆ្នាំ (របួសស្រាល) នៅភូមិត្រពាំងត្នោត ឃុំជ្រលុង ស្រុកបារាយណ៍ ខេត្តកំពង់ធំ បើកបរគោយន្តកន្រ្តៃ និងអ្នករួមដំណើរ ជាមួយមានឈ្មោះ ជា ឌឹម ភេទប្រុស អាយុ៥៧ឆ្នាំ (របួសធ្ងន់) នៅភូមិស្វាយប៉ាត់ ឃុំរំដោះ ស្រុករវាង ខេត្តព្រះវិហារ។

ជនរងគ្រោះឈ្មោះ ឱម ស្រីសុធា ភេទប្រុស អាយុ ៤៣ឆ្នាំ មានទីលំនៅភូមិស្ពឺកើត ឃុំស្ពឺ ស្រុកចម្ការលើ ខេត្តកំពង់ចាម បើកបររថយន្តម៉ាក MITSUBISHI TRITON ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AW-7581។

ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញ គោយន្តកន្រ្តៃខាងលើ បើកបរតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីត្បូងទៅជើង មកដល់ចំណុចកើតហេតុ ស្រាប់តែគោយន្តកន្ត្រៃខាងលើ របូតកង់ខាងឆ្វេង ហើយរេចង្កូតទៅខាងឆ្វេងដៃ ខណ:នោះក៏មានរថយន្ត១គ្រឿង ម៉ាកខាងលើ បើកបរក្នុងទិសស្របទិសគ្នា គេចមិនទាន់ ហើយជាន់ហ្រ្វាំងមិនជាប់ បានបុកពេញមួយទំហឹង បង្កឲ្យមានគ្រោះថ្នាក់បែបនេះតែម្ដង។

ក្រោយពេលកើតហេតុអ្នករងរបួស ត្រូវបានប្រជាពលរដ្ឋ ហៅរ៉ឺម៉ក (តុកៗ) ដឹកបញ្ជូនទៅសង្គ្រោះនៅគ្លីនិចឯកជន ស្ថិតក្នុងភូមិស្លែងដីដុះ ឃុំព្រែកតាទែន ចំណែកឯវត្ថុតាងសមត្ថកិច្ច ចុះធ្វើការវាស់វែង យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

មតិយោបល់