ព័ត៌មានជាតិ

Update៖សិស្សសាលាបឋមសិក្សាអូរអំបិល៥២នាក់ ផឹកដោះគោ ANGKORMILK រួចឈឺក្បាល ចុកពោះ ក្តៅខ្លួន ក្អួតចង្អោរ ត្រូវបញ្ជូនយកទៅសង្រ្គោះភ្លាមៗ

បន្ទាយមានជ័យៈ យោងតាមផេក ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថាមានសិស្សានុសិស្ស សាលាបឋមសិក្សាអូរអំបិលចំនួន៥២នាក់ ក្នុងចំណោម៤០០នាក់ បានផឹកដោះគោ ANGKORMILK រួចមានការឈឺក្បាល ចុកពោះ ក្តៅខ្លួន ក្អួតចង្អោរ។ អាណាព្យាបាលសិស្ស និងគ្រូបង្រៀនបានសន្និដ្ឋានថាបណ្តាលមកពីពុលទឹកដោះគោ ANGKORMILK ហើយត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យរដ្ឋ និងឯកជន ដើម្បីសង្រ្គោះបន្ទាន់ក្រោយពីក្រុមហ៊ុនទឹកដោះគោ ANGKOR MILK បានផ្សព្វផ្សាយផលិតផលទឹកដោះគោ ដោយមានការចែកទឹកដោះគោ ឱ្យសិស្សផឹកដោយគិតថ្លៃ។ ហេតុការណ៍បង្កឲ្យភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ នៅសាលាបឋមសិក្សាអូរអំបិល ស្ថិតក្នុងភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

សិស្សរងគ្រោះដោយពុល ក្អួតចង្អោរ ៥២នាក់ ក្នុងនោះមានស្រី២៨នាក់ នោះត្រូវបានដឹកបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកក្រុងសិរីសោភ័ណ១២នាក់ មន្ទីរសម្រាកព្យាបាលបានសុខ៤០នាក់។

ជុំវិញនៃបញ្ហានេះ បើតាមប្រភពព័ត៌មានពីលោកគ្រូម្នាក់បង្រៀននៅសាលាបឋមសិក្សាអូរអំបិល បានប្រាប់ឱ្យដឹងថា ៖ មុនពេលកើតហេតុមានក្រុមហ៊ុនទឹកដោះគោ ANGKORMILK បានដឹកផលិតផលរបស់ខ្លួនតាមរថយន្តមកផ្សព្វផ្សាយពាណិជ្ជកម្ម ហើយចែកទឹកដោះគោដល់សិស្សប្រមាណ៤០០នាក់ ចាប់ពីសិស្សមតេ្តយ្យ រហូតដល់ថ្នាក់ទី៦។ ទឹកដោះគោនោះបានក្លាស្សេទឹកត្រជាក់ ហើយក៏បានចែកឱ្យសិស្សផឹកមិនគិតថ្លៃ នៅពេលសិស្សចេញលេងវគ្គទី២។ លុះបន្ទាប់ពីសិស្សផឹករួចហើយក៏ស្រាប់តែមានសិស្ស៣ថ្នាក់មានបញ្ហា។ មុនដំបូងមានសិស្សខ្លះចាប់ផ្តើមមានអាការៈចុកពោះ ឈឺក្បាល និងក្អួតចង្អោរ។ បន្ទាប់មកមានសិស្សបន្តបន្ទាប់គ្នាទៀតមានអាការៈដូចគ្នាកាន់តែច្រើនឡើង បង្កឱ្យមានការភ្ញាក់ផ្អើលដល់អាណាព្យាបាល និងគ្រូបង្រៀនឆោឡោ ដឹកសិស្ស និងកូនៗទាំងនោះទៅកាន់មន្ទីរពេទ្យបន្ទាន់តែម្តង។

លោកគ្រូដដែលបញ្ជាក់ឱ្យដឹងទៀតថា ៖ ក្រុមហ៊ុនទឹកដោះគោផ្សព្វផ្សាយ និងចែកទឹកដោះគោឱ្យសិស្សផឹកគឺឃើញមានលិខិតអនុញ្ញាតពីមន្ទីរអប់រំយុវជន និងកីឡាខេត្ត ដែលមានការចុះហត្ថលេខាដោយអនុប្រធានមន្ទីរ អនុញ្ញាតឱ្យក្រុមហ៊ុននោះមកចែកទឹកដោះគោជូនសិស្ស។

លោកគ្រូដដែលឱ្យដឹងទៀតថា ៖ នៅក្នុងសាលារបស់លោកកន្លងមកមិនអនុញ្ញាតឱ្យក្រុមហ៊ុនមកចែកទឹកដោះគោឱ្យសិស្សផឹកនោះទេ ប៉ុន្តែដោយសារតែថ្នាក់លើខាងមន្ទីរអនុញ្ញាតគឺសាលាមិនហ៊ានប្រកែកនោះឡើយ៕

ជុំវិញបញ្ហានេះដែរ ប្រធានមន្ទីរពេទ្យបង្អែកក្រុងសិរីសោភ័ណលោក អ៊ីវ ដារ៉ាវុឌ្ឍ ប្រាប់ឱ្យដឹងថា សិស្សសម្រាកព្យាបាលមន្ទីរពេទ្យបង្អែកក្រុង១២នាក់ មានអាការៈឈឺក្បាល ចុកពោះ ក្អួតចង្អោរ គឺពុលចំណីអាហារ ប៉ុន្តែមិនធ្ងន់ធ្ងរនោះទេ ។ បញ្ហានេះលោកមិនទាន់ដឹងថាបង្កមកពីទឹកដោះគោ រឺពុលចំណីអាហារនៅក្នុងសាលា ឫយ៉ាងណានៅឡើយទេ។ ទឹកដោះគោ ខាងមន្ទីរពេទ្យបានយកមកពិនិត្យកាលបរិច្ឆេទ គឺនៅមានសុពលភាព ត្រូវបានយកទៅពិសោធន៍នៅរាជធានីភ្នំពេញ ក្រោយពិសោធន៍ទើបដឹងលទ្ធផល។ លោកប្រាប់ទៀតថា បច្ចុប្បន្នសិស្ស១២នាក់មានអាការៈធូរស្បើយហើយ។

ប៉ុន្តែជុំវិញបញ្ហានេះ បើតាមការបញ្ជាក់ឱ្យដឹងពីភ្ញាក់ងារក្រុមហ៊ុនទឹកដោះគោ ANGKORMILK បានប្រាប់សមត្ថកិច្ចនគរបាលប៉ុស្ថិ៍សង្កាត់អូរអំបិល ដែលចុះទៅអង្កេតកន្លែងកើតហេតុថា ក្រុមហ៊ុនបានចែកទឹកដោះគោនោះ ជូនសិស្សនៅក្នុងខេត្តបន្ទាយមានជ័យ ច្រើនសាលាមកហើយមិនមានបញ្ហាអ្វីនោះទេ ទើបតែមានបញ្ហានៅសាលាអូរអំបិលតែមួយគត់។

សូមបញ្ជាក់ថា នៅរសៀលថ្ងៃដដែល សិស្សដែលរងការពុល ក្អួតចង្អោរ ៥២នាក់នោះ មាន៤០នាក់ដែលដេកសម្រាកព្យាបាលនៅមន្ទីរពេទ្យឯកជនបានចេញទៅផ្ទះរួចអស់ហើយ។ នៅសល់សិស្សសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកក្រុងសិរីសោភ័ណតែ១២នាក់ទៀត មិនទាន់ចេញទៅផ្ទះនៅឡើយនោះទេ៕

 

មតិយោបល់