ព័ត៌មានជាតិ

មន្រ្តីយោធាវរព្រំដែន២០៤ ជាឈ្មួញដឹកឈើដ៏ធំជាងគេប្រចាំខេត្តក្រចេះ

ក្រចេះ: ប្រភពពីប្រជាពលរដ្ឋរស់នៅតាមដងផ្លូវជាតិលេខ៧A បានធ្វើការរិះគន់ទៅលើស្ថាប័នមេព្រៃនៅខេត្តក្រចេះថា កំពុងទទួលលាភសក្ការៈពីមេឈ្មួញរកស៊ីដ៏ធំប្រចាំខេត្ត គឺឈ្មោះ ឈឿង ហៅប៉ាអូខុង។

ប្រភពដដែលបានបន្តថា មេឈ្មួញរូបនេះដឹកឈើក្នុងមួយយប់ៗ មាន៤ទៅ៦ឡានសាំយ៉ុង ដែលឈើទាំងនោះមានប្រភេទដូចជា ធ្នង់ និងកកោះសន្លឹកខ្នាតយក្ស ដែលមានមុខកាត់ធំៗ ប្រវែងចាប់ពី២ម៉ែត្រដល់៤ម៉ែត្រ ហើយត្រូវបានដឹកចេញពីខេត្តស្ទឹងត្រែងឆ្លងកាត់ខេត្តក្រចេះតាមផ្លូវជាតិលេខ៧A ដោយបានឆ្លងកាត់ស្នាក់ការមេព្រៃ៩ កន្លែងចាប់ពីអូគ្រៀង ដល់ស្រុកស្នួល យកទៅលក់នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

បើយោងតាមប្រភពពីសមត្ថកិច្ចជិតស្និតមួយចំនួនបានប្រាប់ថា ឈើទាំងនេះរបស់យាយ ព្រៀង ដែលជាមេឈ្មួញធំជាងគេ នៅខេត្តស្ទឹងត្រែង តែមិនហ៊ានចេញមុខរត់ការ ទើបឲ្យឈ្មោះ សន ឈឿង ហៅប៉ាអាអូខុង នេះចេញមុខរត់ការ ព្រោះអាងខ្លួនជាមន្រ្តីយោធាមានអំណាចស្រាប់។

ជាក់ស្ដែងនៅវេលាម៉ោងប្រហែល១០យប់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦នេះភ្នាក់ងារយកព័ត៌មានយើងបានធ្វើដំណើរតាមដងផ្លូវក៏ឃើញឡានដឹកឈើទាំងនោះ រួចថតរូប និងធ្វើកាសាកសួរ តែកុងឡានបានប្រាប់ថា ឡានឈើនេះជារបស់ប៉ាអាខុង ហើយក៏គ្មានអ្នកណាហ៊ានចាប់ដែរ ព្រោះមេរបស់គេបានរត់ការសមត្ថកិច្ចរួចរាល់អស់ហើយ។

ពាក់ព័ន្ធនិងព័ត៌មានខាងលើ លោក ម៉ី វុទ្ធី នាយសង្កាត់ថ្មគ្រែ និងលោក សេង ច័ន្ចដារ៉ុន នាយសង្កាត់អូគ្រឿង មិនអាចសុំការបំភ្លឺបានទេ ដោយទូរស័ព្ទបិតទាំងពីរ៕

មតិយោបល់