សៀមរាបៈ ទីតាំងផលិតគុយទាវគ្មានច្បាប់ និងគ្មានអនាម័យកន្លែងបានត្រូវកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចសហការជាមួយមន្ទីរសិប្បកម្ម និងឧស្សាហកម្ម ចុះបង្ក្រាបបន្ទាប់ពីពិនិត្យទៅសង្ស័យមានជាតិគីមី(សារធាតុបូរ៉ាក់)។
ប្រតិបត្តិការនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ដឹកនាំដោយលោក ជួន សុបញ្ញា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត។
ម្ចាស់អាជីវកម្មខាងលើ ឈ្មោះអ៊ី ង៉ិក ភេទស្រី អាយុជាង៥០ឆ្នាំ រស់នៅក្នុងទីតាំងខាងលើ។
លោកវរសេនីយ៍ឯក សឿន សេន នាយការិយាល័យនគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបានឲ្យដឹង នៅរសៀលថ្ងៃទី១២នេះថា បន្ទាប់ពីមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋថា ទីតាំងផលិតគុយទាវខាងលើផលិតគុយទាវដោយគ្មានអនាម័យនោះកម្លាំងរបស់លោកបានសហការជាមួយខាងមន្ទីរសិប្បកម្ម និងឧស្សាហកម្មខេត្ត ចុះធ្វើការត្រួតពិនិត្យជាបន្ទាន់ភ្លាមនោះ ឃើញថា អត់មានច្បាប់រួចទៅហើយ។
លោកបន្តថា ក្នុងពេលត្រួតពិនិត្យក្រៅពីរកឃើញថា មិនមានច្បាប់អនុញ្ញាត ទីតាំងមួយនេះគឺគ្មានអនាម័យ និងសង្ស័យមានសារធាតុបូរ៉ាក់ទៀតផង។ព្រោះការធ្វើពិសោធន៍បឋមរបស់មន្ត្រីកាំកុងត្រូលគេបាន សង្ស័យថា ការផលិតគុយទាវរបស់ម្ចាស់សិប្បកម្មខាងលើមានសារធាតុបូរ៉ាក់ខ្ពស់។
លោកបន្តថា ពេលនេះ សមត្ថកិច្ចគ្រាន់តែសម្រេចបិទទីតាំងខាងលើជាបណ្ដោះអាសន្ន នាំម្ចាស់ឈ្មោះ អ៊ី ង៉ិក ភេទស្រីអាយុជាង៥០ឆ្នាំយកទៅសាកសួរ និងផាកពិន័យសិនចំណែកចំណាត់ការបន្ទាប់យ៉ាងណាគឺរង់ចាំលទ្ធផលពិសោធន៍ជាផ្លូវការចេញមកសិន។ យោងតាមមាត្រា៦៣ស្តីពីច្បាប់គ្រប់គ្រងគុណភាព និងសុវត្ថិភាពអាចពិន័យពី៥លានរៀលទៅ១០លានរៀល។ប្រសិនបើលទ្ធផលពិនិត្យរកឃើញថាមានសារធាតុគីមីហាមឃាត់មែននោះនឹងត្រូវកសាងសំណុំរឿងបញ្ជូនទៅតុលាការ។
សូមបញ្ជាក់ថា ទីតាំងផលិតគុយទាវខាងលើនេះ មានរយះពេលជាង១០ឆ្នាំ មកហើយក្រៅពីគ្មានច្បាប់អនុញ្ញាតគេឃើញការផលិតនោះគ្មានអនាម័យទាល់តែសោះជាក់ស្តែងទីតាំងសុទ្ធតែភក់ជ្រាំ៕
មតិយោបល់