ព័ត៌មានជាតិ

ហាយទ្បែនឌ័រ បុកម៉ូតូពេញទំហឹង ស្លាប់ និងរបួស ៣នាក់ នៅផ្លូវជាតិលេខ ៤

កណ្ដាល: ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ដបុកម៉ូតូ ដែលបើកច្រាស់ទិសគ្នាពេញមួយទំហឹង បណ្ដាលឲ្យស្លាប់ម្នាក់ភ្លាមៗនៅកន្លែង និងអ្នករួមដំណើរ២នាក់ទៀតរងរបួសធ្ងន់ ។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៩និង៤០នាទីយប់ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩ លើកំណាត់ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ២៨-២៩ ស្ថិតក្នុងភូមិជ្រៃមង្គល ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្ដាល ។

ជនរងគ្រោះឈ្មោះ ជុំ ហេង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរបើកបររថយន្ដ ជាអ្នកបើកបរម៉ូតូម៉ាកស៊ុយហ្ស៊ូគី ស្មាស់រ៉េវ៉ូ ពណ៌ខ្មៅ គ្មានស្លាកលេខ (ស្លាប់) និងមានអ្នករួមដំណើរ២នាក់ ទី១.ឈ្មោះ ខុន លី ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ ជាងជួសជុលម៉ូតូ (របួសធ្ងន់) និងទី២.ឈ្មោះ ខឹម លី ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស (របួសធ្ងន់) ។ អ្នកទាំង៣នាក់ មានទីលំនៅភូមិកប់ចឡោះ ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល ។

រថយន្ដបង្កម៉ាកហាយទ្បែនឌ័រ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AK-5417 បើកបរដោយជនមិនស្គាល់អត្ដសញ្ញាណ (រត់គេចខ្លួនបាត់ ស្រមោល) ។

សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្ដម៉ាកហាយទ្បែនឌ័រ ធ្វើដំណើរពីលិចទៅកើតតាមបណ្ដោយផ្លូវជាតិលេខ៤។ មកដល់ចំណុចកើតហេតុ រថយន្ដខាងលើ បានរេចង្កូតចូលក្នុងគន្លងផ្លូវម្ខាងទៀត ក៏ជ្រុលទៅបុកម៉ូតូ ដែលបើកច្រាស់ទិសគ្នាពេញមួយទំហឹង បណ្ដាលឲ្យជនរងគ្រោះអ្នកបើកបរម៉ូតូស្លាប់មួយរំពេច រីឯអ្នករួមដំណើរ២នាក់ទៀត រងរបួសធ្ងន់ ។

ក្រោយកើតហេតុ ជនរងគ្រោះរងរបួសធ្ងន់ ត្រូវបានរថយន្ដសាមុយ ដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យរាជធានីភ្នំពេញ ចំណែកសព ត្រូវបានសមត្ថកិច្ចជំនាញចរាចរណ៍ ប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។

មូលហេតុ៖ រថយន្តបើកបរលឿន មិនប្រកាន់ស្តាំ និងខ្វះការប្រុងប្រយ័ត្ន។

ដោយទ្បែកមធ្យោបាយពាក់ព័ន្ធ សមត្ថកិច្ចធ្វើការវាស់វែង និងកសាងឯកសារ យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់