ព័ត៌មានជាតិ

រកឃើញតៃកុងរថយន្ត មានផ្ទុកសារធាតុញៀន

សៀមរាបៈ កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ លោក ពិន ប្រាកដ អភិបាលរងខេត្ត បានដឹកនាំក្រុមការងារចម្រុះចុះត្រួតពិនិត្យ និងទប់ស្កាត់ការដឹកជញ្ជូនធនធានរ៉ែ ក្នុងគោលដៅចំនួនពីរ ទី១-ចំណុចផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិរលួសខាងលិច ឃុំរលួស ស្រុកប្រាសាទបាគង បានត្រួតពិនិត្យរថយន្ត និងធ្វើកំណត់ហេតុណែនាំបានចំនួន ២១គ្រឿង និងទី២-នៅចំណុចខាងមុខវត្តចេតិយ ស្ថិតនៅសង្កាត់សំបួរ ក្រុងសៀមរាប បានចំនួន ៣៨ គ្រឿង ។

ជាលទ្ធផលក្រុមការងារចម្រុះ ត្រួតពិនិត្យបានចំនួន ៥៩ គ្រឿង មានការដឹកជញ្ជូនធនធានរ៉ែ (ដីស ដីក្រហម ខ្សាច់ ថ្ម..) ខុសលក្ខណ:បច្ចេកទេស ដូចជា ដឹកលើសទ្រុង មិនបានគ្រប ហៀរ ឬកំពប់ជាដើម។

ជាមួយគ្នានេះ ក្រុមការងារ បានចុះធ្វើកំណត់ហេតុណែនាំឲ្យម្ចាស់រថយន្ត យកត្រឡប់ទៅការដ្ឋាន ដើម្បីកាយទម្លាក់ និងគ្របឱ្យបានត្រឹមត្រូវ តាមលក្ខណ:បច្ចេកទេស មុននឹងដឹកចេញពីការដ្ឋានចូលក្នុងក្រុង។

ទន្ទឹមនោះ សមត្ថកិច្ច បានត្រួតពិនិត្យទឹកនោមទៅលើម្ចាស់រថយន្តទាំងអស់ ក្នុងនោះមានចំនួន៤នាក់ ផ្ទុកសារធាតុញៀន ហើយមន្ត្រីនគរបាល បានបន្តចាត់វិធានការ តាមនីតិវិធីច្បាប់៕

មតិយោបល់