ព័ត៌មានជាតិ

នារីខារ៉ាអូខេម្នាក់ មានសារធាតុញៀន ហ៊ានលួចចិញ្ចៀនពេជ្រ បុគ្គលិកក្រុមហ៊ុនដឹកញ្ជូន ត្រូវ….

ភ្នំពេញ: នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង៦និង៥៧នាទី ប៉ុស្តិ៍រដ្ឋបាលទឹកថ្លា បានធ្វើការឃាត់ខ្លួន ជនសង្ស័យម្នាក់ ករណីអំពើលួច ត្រង់ចំណុចផ្ទះលេខ៥៣បេ តាមផ្លូវបេតុង ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ សួង លីលី ភេទស្រី អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកបម្រើខារ៉ាអូខេ ស្នាក់នៅបន្ទប់ជួលលេខ៩ ផ្លូវវេងស្រេង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ (មានសារធាតុញៀន) ។

ជនរងគ្រោះឈ្មោះ អុន មករា ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុនដឹកញ្ជូន ស្នាក់នៅផ្ទះលេខ៥៣បេ តាមផ្លូវបេតុង ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

សម្ភារ:ដកហូត ៖នាឡិកាដៃខ្សែស្បែក០១គ្រឿង ដាំត្បូងពណ៌ស (របស់ជនរងគ្រោះ) ។

សម្ភារ:បាត់បង់ ៖ទូរសព្ទ័ដៃ០៣គ្រឿង , ជញ្ជៀនពេជ្រ០១វង់ (របស់ជនរងគ្រោះ) ។

តាមដំណើររឿង បានឲ្យដឹងថា នៅមុនពេលកើតថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង៧ និង៣០នាទី ជនរងគ្រោះ បានយកនាឡិកាដៃខ្សែ ០១គ្រឿង , ទូរសព្ទ័ដៃ០៣គ្រឿង , ចិញ្ចៀនពេជ្រ០១វង់ ទុកលើក្តាអ៊ុតខោអាវ ក្នុងផ្ទះចំណុចកើតហេតុ រួចជនរងគ្រោះ បានចូលទៅដេកក្នុងបន្ទប់។

លុះព្រឹកឡើងបាត់មិនឃើញរបស់ រហូតមកដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង៦ និង៥៧នាទី ជនរងគ្រោះ បានឃើញនាឡិកដៃ ដែលខ្លួនបាត់ នៅហ្នឹងដៃរបស់ជនសង្ស័យ កំពុងយកទៅបញ្ចាំនៅម្តុំសង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ ឃើញដូច្នេះ ជនរងគ្រោះ បាននាំជនសង្ស័យ ប្រគល់ឲ្យសមត្ថិកិច្ចប៉ុស្តិ៍ទឹកថ្លា ធ្វើការសាកសួរ និងដាក់ពាក្យបណ្តឹង ចោទប្រកាន់ជនសង្ស័យតែម្តង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនបានទិញទូរស័ព្ទពីមនុស្សស្រីម្នាក់ មិនស្គាល់ឈ្មោះ រួចខ្លួនបានយកនាឡិកាដៃខាងលើ ទៅបញ្ចាំ ក៏ត្រូវជនរងគ្រោះឃើញ ហើយបាននាំខ្លួនប្រគល់ឲ្យសមត្ថិកិច្ចតែម្តង។

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី៕

មតិយោបល់