ព័ត៌មានជាតិ

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ខណៈបក្ខពួកម្នាក់ទៀត កំពុងគេចខ្លួន!

ភ្នំពេញ: នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩នេះ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនចោរលួចកាច់កម៉ូតូម្នាក់ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់។

ជនសង្ស័យឈ្មោះ រឿន សីហា ភេទប្រុស អាយុ ២៨ឆ្នាំ ត្រូវកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ ឃាត់ខ្លួន កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង ៧និង០០នាទី នៅចំណុចតូបលក់កាហ្វេ ផ្លូវលេខ១៧២ កែងផ្លូវនរោត្តម សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បន្ទាប់ពីរូបគេ រួម និងបក្ខពួក ឈ្មោះ ភ័ក្រ្ត (គេចខ្លួន) បានធ្វើសកម្មភាពលួចម៉ូតូ ០១គ្រឿង ម៉ាក និច ពណ៌ក្រហមលាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CA-3981។

ក្រោយពេលឃាត់ខ្លួនក្រុមជំនាញបានធ្វើការសាកសួរ ជនសង្ស័យសារភាពឲ្យដឹងថា រូបគេនិងឈ្មោះ ភ័ក្រ្ត បានជិះម៉ូតូ ម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរី២០១៨ មិនចាំស្លាកលេខ ដើម្បីដើររកលួចកាច់កម៉ូតូរបស់ប្រជាពលរដ្ឋ លុះពេលជិះមកដល់ហាងកាហ្វេ១កន្លែង ក្បែររបង អង្គភាពប្រឆាំងអំពើពុករលួយ ផ្លូវ១៧២ កែងផ្លូវនរោត្តម មានម៉ូតូចតនៅទីនោះជាច្រើន បន្ទាប់មកពួកក៏ចូលទៅលួចកាច់កម៉ូតូ ម៉ាកខាងលើ តែត្រូវម្ចាស់ម៉ូតូឃើញស្រែកឆោឡោ ឮដល់សមត្ថកិច្ចអាវុធហត្ថកំពុងល្បាតចូលទៅ ឃាត់រូបគេ ចំណែកបក្ខពួកម្នាក់ទៀតរត់គេចខ្លួនបាត់។

ប្រភពដដែលបន្តទៀតថា កាលអំឡុងខែមេសា ឆ្នាំ២០១៩ នេះ រូបគេ និងបក្ខពួកធ្លាប់លួចកាច់កម៉ូតូ០១គ្រឿង ម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ មិនចាំស្លាកលេខ បានសម្រេច នៅចំណុចក្បែរវត្តកោះ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ហើយប្រើប្រាស់សារធាតុញៀនអស់រយ:ពេល ០៥ឆ្នាំ ធ្លាប់ត្រូវកម្លាំងសង្គមកិច្ចឃាត់ខ្លួន បញ្ជូនទៅមណ្ឌលកែប្រែឱកាសខ្ញុំ ០៦ខែ ក្រោយពេលចេញពីមណ្ឌលកែប្រែវិញ រូបគេបានទៅដេកតាមមាត់ទន្លេ និងដើរលួចកាបូប ,ទូរស័ព្ទ ,សម្ភារ:មានតម្លៃផ្សេងទៀតរបស់ភ្ញៀវ ដែលមកអង្គុយលេងនៅតាមមាត់ទន្លេ ហើយយកទៅលក់នៅម្តុំផ្សារកណ្តាល៕

មតិយោបល់