(សេអ៊ូល)៖ កូរ៉េខាងជើង នឹងពង្រឹងសមត្ថភាពការពារជាតិរបស់ខ្លួន ឱ្យកាន់តែខ្លាំងក្លា ដើម្បីទប់ទល់ជាមួយសហរដ្ឋអាមេរិក ហើយនឹងពិចារណាចាប់ផ្ដើមឡើងវិញនូវរាល់សកម្មភាពដែលកំពុងត្រូវបានផ្អាកជាបណ្ដោះអាសន្ន។ នេះបើតាមសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA។
ការលើកឡើងរបស់ KCNA ហាក់ដូចជាចង់សំដៅទៅលើការធ្វើតេស្ដអាវុធនុយក្លេអ៊ែរ និងមីស៊ីលបាលិស្ទីគអន្តរទ្វីប ICBM។ ស្ថានការណ៍នៅលើ ឧបទ្វីបកូរ៉េបានឡើងកម្ដៅសាជាថ្មី បន្ទាប់ពីសហរដ្ឋអាមេរិកប្រកាសដាក់ទណ្ឌកម្មឆ្លើយតបទៅនឹងការធ្វើតេស្ដការធ្វើមីស៊ីលជាបន្តបន្ទាប់ពីសំណាក់ ទីក្រុងព្យុងយ៉ាង។
នៅក្នុងបទចារណកថារបស់ខ្លួន KCNA ក៏បានរិះគន់ផងដែរលើសកម្មភាពអរិភាពរបស់សហរដ្ឋអាមេរិក ក្នុងនោះរួមមានទាំងការធ្វើសមយុទ្ធយោធារួមគ្នា ជាមួយកូរ៉េខាងត្បូង ការដាក់ពង្រាយអាវុធនៅក្នុងតំបន់ និងទណ្ឌកម្មសេដ្ឋកិច្ចជាដើម ដែលតម្រូវឱ្យទីក្រុងព្យុងយ៉ាងត្រៀមខ្លួនរយៈពេលវែង ដើម្បីប្រឈមមុខជាមួយអាមេរិក៕
ប្រភព៖ AFP
មតិយោបល់