ភ្នំពេញៈ ករណីបាញ់ផ្អើលទាំងរំលងអធ្រាត្រ នៅមុខអធិការដ្ឋាន នគរបាលខណ្ឌច្បារអំពៅ ដែលបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ នៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៩ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានដាក់បទបញ្ជាឲ្យចាត់ការតាមវិន័យ កងកម្លាំងយ៉ាងម៉ឺងម៉ាត់ ទៅលើជនបង្ក ដែលស្រវឹងស្រា បាញ់បោះសេរី។
ជនរងគ្រោះឈ្មោះ ភូរិស្ស ស្តូរ៉ាន់ ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅស្នាក់នៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។ ជនបង្កឈ្មោះ ដួង ណាគ្រី ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរជាអនុប្រធាន នាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ មានទីលំនៅស្នាក់នៅផ្ទះលេខ៩៤៣ ផ្លូវ៣៦០ ស្ថិតក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន រាជធានីភ្នំពេញ។
បច្ចុប្បន្នជនបង្ក ត្រូវបានបញ្ជូនខ្លួនពីអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ មកកាន់អង្គភាពតម្រួតបទបញ្ជា ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
សូមបញ្ជាក់ថា ករណីនេះ បានកើតឡើងនៅវេលាម៉ោង១ យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩ តាមបណ្ដោយផ្លូវ៣៦៣ ស្ថិតនៅចំណុចអធិការខណ្ឌច្បារអំពៅ ក្នុងសង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ៕
មតិយោបល់