ព័ត៌មានជាតិ

ឮសូរតែផាំង! រថយន្តបាឡែន បត់ឆ្វេង ត្រូវម៉ូតូជិះបុក សន្លប់ស្ដូក ឯអ្នកបើកគេចខ្លួនបាត់

ភ្នំពេញ: រថយន្តបានឡែនមួយគ្រឿង បើកបត់ឆ្លងផ្លូវមកឆ្វេងដៃ ត្រូវម៉ូតូជិះក្នុងល្បឿនលឿន គេចមិនផុតបុកទ្វាររថយន្ត ក្រពឹតយ៉ាងដំណំ និងរងរបួសសន្លប់ស្តូកជិតកន្លះម៉ោង ទើបដឹងខ្លួន។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៥និង៥០នាទីព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ ២០១៩ ត្រង់ចំណុចមុខអតីតស្ថានីយ៍ទូរទស្សន៍ រាជធានីភ្នំពេញប៉ុស្តិ៍លេខ៣ ក្នុងភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

រថយន្តដែលបត់ឆ្លងទ្រូងផ្លូវ ម៉ាកកាមរីបាឡែន ពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ2AC 0897 បើកបរដោយបុរសម្នាក់ រងការខូចខាតទ្វារមុខផ្នែកខាងឆ្វេងយ៉ាងដំណំ និងស្រាំកញ្ចក់មុខ។
ម៉ូតូម៉ាកឌ្រីមស៊េរីឆ្នាំ ២០០៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល1D 4635 បើកដោយយុវជនម្នាក់ ខូចខាតកំណាត់មុខ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្ត និងម៉ូតូ បើកស្របទិសគ្នាពីត្បូងទៅជើង មកដល់ចំណុចកើតហេតុ រថយន្តបានបត់ឆ្វេងឆ្លងទ្រូងផ្លូវ បំណងបត់ត្រឡប់ក្រោយ ស្រាប់តែម៉ូតូដែលបើក ដោយយុវជនខាងលើ ក្នុងល្បឿនលឿន គេចមិនផុតជ្រុលទៅបុកទ្វារមុខរថយន្ត ឮសូរតែផាំង បណ្ដាលឲ្យអ្នកបើកម៉ូតូសន្លប់ស្ដូក ជិតកន្លះម៉ោង ទើបដឹងខ្លួន។

រីឯបុរសអ្នកបើករថយន្ត បន្ទាប់ពីម៉ូតូបុករថយន្តសន្លប់ភ្លាម ស្មានថា ធ្ងន់ធ្ងរខ្លាំង ក៏ភ័យចុះគេចខ្លួនបាត់ ក្រោយមកទើបមានតំណាងខាងរថយន្ត ចេញមុខដោះស្រាយ ជាមួយភាគីរងគ្រោះ ដោយចេញថ្លៃព្យាបាល និងជួសជុលម៉ូតូបញ្ចប់រឿង៕

មតិយោបល់