ភ្នំពេញៈ ក្មេងស្ទាវក្រុមអ្នកលេងដាវសាំម៉ូរ៉ៃ២នាក់ ត្រូវបានកម្លាំងល្បាតរបស់ប៉ុស្តិ៍ចោមចៅ៣ ឃាត់ខ្លួនបាន ខណៈដែលកម្លាំង កំពុងប្រដេញតាមជនសង្ស័យ មុខសញ្ញាឆក់ បែរជាប្រទះជួបក្មេងស្ទាវទៅវិញ កាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិព្រៃទា១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។
ជនសង្ស័យទាំង២៖ទី១ ឈ្មោះ ភ័ក្រ បញ្ញា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ និងទី២ ឈ្មោះ ចាន់ សុខវាសនា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅផ្ទះជួល ក្នុងភូមិព្រៃទា សង្កាត់ចោមចៅ៣ មានស្រុកកំណើត ភូមិបឹង ឃុំមៀន ស្រុក អូររាំងឳ ខេត្ត ត្បូងឃ្មុំ ។
តាមលោក ថេង កុសល នាយប៉ុស្តិ៍ចោមចៅ៣ បានឲ្យដឹងថា មុនឃាត់ខ្លួនបានក្មេងស្ទាវទាំង២នាក់នេះ កម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ៣ បានល្បាតក្នុងភូមិសាស្ត្រ ត្រង់ចំណុចខាងលើ ក្រោយមកក៏ទទួលពត៌មានថា មានមុខសញ្ញាឆក់ ឆ្លងកាត់ទីនោះ ទើបកម្លាំងក៏ធ្វើការដេញតាមស្វែងរកមុខសញ្ញាឆក់ បែរជាប្រទះជួប ជនសង្ស័យជាក្មេងស្ទាវ មានទាំងដាវ ជិះម៉ូតូ សេ១១០ ស៊េរី២០១២ មានតែឆ្អឹងដែក អត់ស្លាកលេខ ក៏ឃាត់នាំទៅសាកសួរ នៅប៉ុស្តិ៍តែម្តង។
បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាងដាវសាំម៉ូរ៉ៃ១ដើម និងម៉ូតូគ្មានឯកសារ ត្រូវបានកសាងសំណុំរឿង បញ្ជូនទៅផ្នែកជំនាញអធិការដ្ឋានខណ្ឌ បន្តតាមនីតិវិធី ៕
មតិយោបល់