បន្ទាយមានជ័យៈ នៅពីវេលាម៉ោង ៣និង៣៥នាទីថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៩ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ និងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានសហការបង្រ្កាបករណីលួចរថយន្ត ដែលប្រព្រឹត្តកាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩កន្លងទៅ នៅចំណុចភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។
កិច្ចប្រតិបត្តិនេះ ឃាត់ខ្លួនជនសង្ស័យបានចំនួន ០៣នាក់ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
ក្រោយឃាត់ខ្លួន កម្លាំងជំនាញកសាងសំណុំរឿង បញ្ជូនជនសង្ស័យ និងវត្ថុតាងទៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្ត។
ជនរងគ្រោះឈ្មោះ ឌី អ៊ុនវាសនា ភេទប្រុស អាយុ ២៧ឆ្នាំ មានទៅលំនៅភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ជនសង្ស័យឈ្មោះ ត្រឹង រតនា (ហៅ វិន) ភេទប្រុស អាយុ ២៤ឆ្នាំ បច្ចុប្បន្ន ស្នាក់នៅភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរយុត្តិធម៌បានឲ្យដឹងថា យោងតាមបណ្តឹងរបស់ជនរងគ្រោះ នៅថ្ងៃកើតហេតុ ខ្លួនបាន ជិះរថយន្តម៉ាកហុងដាហ្វីត ពណ៌ក្រហម ពាក់ស្លាកលេខ 2A-0943 ហើយឈប់ចតនៅមុខផ្ទះជួលរបស់ខ្លួនដូចសព្វដង លុះព្រឹកឡើងពេលខ្លួនចេញពីក្នុងបន្ទប់ ក៏ស្រាប់តែបាត់រថយន្តតែម្ដង ពេលនោះ ខ្លួនក៏បានទៅដាក់ពាក្យបណ្ដឹង នៅមូលដ្ឋានកងរាជអាវុធហត្ថក្រុង ដើម្បីឲ្យជួយអន្តរាគមន៍។
ក្រោយទទួលបានពាក្យបណ្តឹង ដោយបានការសម្របសម្រួលពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត និងទទួលបទបញ្ជាពីលោក បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត កម្លាំងជំនាញកងរាជអាវុធហត្ថក្រុង បានចុះប្រតិបត្តិការស្រាវជ្រាវរកអត្តសញ្ញាណរថយន្ត និងមុខសញ្ញាប្រព្រឹត្តបទល្មើស រហូតឈានដល់ការឃាត់ខ្លួន ដកហូតរថយន្តបានតែម្ដង។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង បានបញ្ជាក់ទៀតថា បន្ទាប់ពីធ្វើការសាកសួរចម្លើយ ជនសង្ស័យឈ្មោះ ត្រឹង រតនា (ហៅ វិន) ភេទប្រុស អាយុ ២៤ឆ្នាំ បច្ចុប្បន្ន ស្នាក់នៅភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត បានឆ្លើយសារភាពថា នៅថ្ងៃកើតហេតុ ខ្លួនបានឃើញរថយន្ត ពណ៌ក្រហម ០១គ្រឿង ទុកនៅមុខផ្ទះ ពេលនោះខ្លួនបានលួចឆ្កឹះគន្លឹះដៃទ្វាររបូតចេញមក ហើយក៏បើកទ្វាររថយន្តចូលទៅខាងក្នុង ឃើញមានកូនសោនៅក្នុងរថយន្តនោះស្រាប់ រួចក៏បញ្ឆេះរថយន្តបើកចេញ មកដើរលេងក្នុងក្រុងប៉ោយប៉ែត និងបានចូលលេងក្នុងក្លិបទៀតផង។
លុះបើកជិះដើរលេងរហូតដល់វេលាម៉ោងប្រមាណជា ៣និង០០នាទីទៀបភ្លឺ រូបគេបានមកបបួលមិត្តភក្តិ ០២នាក់ទៀត មកដើរលេងជាមួយគ្នា ពេលនោះមិត្តភក្ដិសួរថា បានរថយន្តមកពីណា ហើយខ្លួនប្រាប់ថា ជារបស់ម្តាយខ្លួន ។
ចំណែកជន ០២នាក់ទៀត បានឆ្លើយថា ពួកគេមិនបានដឹងរឿងអ្វីទេ ព្រោះឈ្មោះ វិន(ជនសង្ស័យ)បបួលពួកគេដើរលេងប៉ុណ្ណោះ ដោយផ្អែកលើចម្លើយសារភាពរបស់ជនសង្ស័យ និងយោងតាមរបាយការណ៍របស់មូលដ្ឋានកងរាជអាវុធហត្ថក្រុង និងតាមការបំភ្លឺរបស់ជនរងគ្រោះ ឃើញថា មានតម្រុយពិរុទ្ធភាពនៃបទល្មើសយ៉ាងជាក់លាក់ ដូច្នេះជនសង្ស័យ អាចត្រូវចោទពីបទលួច (រថយន្ត)។
បច្ចុប្បន្នកម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត កសាងសំណុំរឿង បញ្ជូនជនសង្ស័យ រួមជាមួយវត្ថុតាង ទៅតុលាការដើម្បីចាត់ការទៅតាមនីតិវិធី ចំណែករថយន្ត ត្រូវបានប្រគល់ជូនជនរងគ្រោះវិញផងដែរ រីឯជនសង្ស័យ ០២នាក់ ផ្សេងទៀត ត្រូវកម្លាំងជំនាញធ្វើការអប់រំ និងឲ្យអាណាព្យាបាលមកធ្វើកិច្ចសន្យាធានាខ្លួន ឲ្យត្រឡប់ទៅលំនៅដ្ឋានវិញ៕
មតិយោបល់