ព័ត៌មានជាតិ

ទុស្សេខ្សែភ្លើងឆេះបន្ទប់ឡៅតឿ ផ្អើលឡានទឹកចេញជួយអន្តរាគមន៍

ភ្នំពេញៈ ឡៅតឿផ្ទះមួយល្វែង ត្រូវបានអគ្គិភ័យឆាបឆេះខ្ទេចអស់សម្ភារៈមួយចំនួន ដោយគេអះអាងថា ដោយសាទុស្សេខ្សែរភ្លើង ត្រូវបានប្រជាពលរដ្ឋ ដែលរស់នៅក្បែរនោះ ជួយយកទុយោបាញ់ទឹក និងបំពង់ពន្លត់អគ្គិភ័យបាញ់ពន្លត់អស់ចំនួនជិត១០បំពុង ប្រើរយៈពេលជិតកន្លះម៉ោង ទើបរលត់ភ្លើងអស់ សំណាងហើយ មិនបណ្តាលឱ្យមនុស្សណាម្នាក់ រងរបួសនោះទេ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៩ និង៣០នាទីព្រឹកទី១ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅក្នុងបុរីសុភមង្គមផ្ទះលេខសេ២៧ ភូមិ៣សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។

ម្ចាស់ផ្ទះរងគ្រោះ មិនត្រូវបានស្គាល់អត្តសញ្ញាណទេ ភេទស្រី អាយុប្រហែល៣៥ឆ្នាំ ស្នាក់នៅកើហេតុខាងលើ ។

ម្ចាស់ផ្ទះបានឱ្យដឹងថា មូលហេតុដែលបណ្តាលឱ្យឆាបឆេះនោះ ផ្តើមចេញមកពីខ្សែភ្លើង ឆ្លងកាត់ក្នុងបន្ទប់ឡៅតឿ ទើបបណ្តាលឱ្យឆាបឆេះបែបនេះ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា នៅមុនពេលកើតហេតុអ្នកជិតខាង បានឃើញផ្សែងខ្មៅហុយៗខ្មួរខ្មាញ់ ចេញតាមបង្អូច បង្កឱ្យមានការភ្ញាក់ផ្អើលដល់អ្នកជិតខាង បាននាំគ្នាស្រែកប្រាប់ម្ចាស់ផ្ទះថា មានភ្លើងឆាបឆេះផ្ទះ ដែលម្ចាស់ផ្ទះ កំពុងនៅជុំគ្នាខាងក្រោម ហើយភ្លាមៗនោះ ម្ចាស់ផ្ទះស្មានតែគេបង្កាត់ភ្លើងចង្ក្រានធ្យូង ពេលដឹងថា ផ្ទះខ្លួនឯងក៏បានស្រែកឱ្យអ្នកជិតខាងជួយ ខ្លះជួយយកទុយោបាញ់ទឹក និងយកបំពង់ពន្លត់អគ្គិភ័យមកបាញ់ពន្លត់ ហើយបានហៅរថយន្តបាញ់ទឹករបស់ទីក្រុងរណបជ្រោយចង្វារមួយគ្រឿង តែមិនបានបាញ់ទេ ដោយសារភ្លើងរលត់អស់ទៅហើយ។

អគ្គិភ័យនេះ រងការខូចខាតសម្ភារៈ និងខោអាវបន្តិចបន្តួច តែមិនបណ្តាលឲ្យនណាម្នាក់រងរបួសនោះឡើយ ។ នៅក្នុងហេតុការណ៍នេះ គេឃើញអាជ្ញាធរ និងមន្ត្រីមួយចំនួនចេញជួយអន្តរាគមន៍ផងដែរ ៕

មតិយោបល់