ព័ត៌មានជាតិ

បុរសវ័យចំណាស់ម្នាក់លង់ទឹកស្លាប់ ខណៈពេលទៅបង់សំណាញ់!

ព្រះវិហារ: កាលពីវេលាម៉ោង១១និង៣០នាទីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៩ មានករណីលង់ទឹកស្លាប់បុរសវ័យចំណាស់ម្នាក់ ខណ:ពេលទៅបង់សំណាញ់យកត្រី ត្រង់ចំណុចទំនប់ទឹកសីម៉ា ស្ថិតក្នុងភូមិស្វាយ ឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

លោកសេត សែន មេឃុំរំដោះស្រែ បានឱ្យដឹងតាមទូរសព្ទថា ជនរងគ្រោះមានឈ្មោះ ភួង វិន ភេទប្រុស អាយុ៥៦ឆ្នាំ មានទីលំភូមិជាំក្សាន្ត ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

លោកមេឃុំបន្តថា យោងតាមសំដីប្រជាពលរដ្ឋ ដែលបង់សំណាញ់ជាមួយជនរងគ្រោះនិយាយថា នៅមុនពេលកើតហេតុជនរងគ្រោះបានដើរបង់សំណាញ់ក្នុងទឹកទាំងអស់គ្នា។

មួយសន្ទុះក្រោយមកស្រាប់តែបាត់ជនរងគ្រោះ ហើយនាំគ្នាឆោឡោ ភ្ញាក់ផ្អើលប្រជាពលរដ្ឋ និងសមត្ថកិច្ចមូលដ្ឋានចុះជួយរាវរក បានប្រទះឃើញជនរងគ្រោះស្លាប់ក្នុងអណ្លង់ដែលជាកន្លែងកាយដីបិទទំនប់ មានជំរៅប្រហែល៦ម៉ែត្រ ដោយរំជាប់ជាមួយនិងសំណាញ់ នៅវេលាម៉ោង១និង២៥នាទីរសៀលថ្ងៃដ៏ដែល។

បន្ទាប់ពីសមត្ថកិច្ច ធ្វើការពិនិត្យកោសលវិច្ច័យ រកពុំឃើញមានអ្វីផ្សេង ក្រៅពីករណីលង់ទឹកស្លាប់ កម្លាំងជំនាញបានប្រគល់សពជូនគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

 

មតិយោបល់