ព័ត៌មានជាតិ

ចោរឆក់សកម្មម្នាក់ត្រូវអាវុធហត្ថរាជធានីបញ្ជូនទៅតុលាការ

ភ្នំពេញៈ នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៩ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនចោរឆក់ វ័យក្មេងយ៉ាងសកម្ម១នាក់ ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់។

ជនសង្ស័យឈ្មោះ សាន កុសល ភេទប្រុស អាយុ ១៥ឆ្នាំ ដែលជាចោរឆក់យ៉ាងសកម្ម ក្នុងភូមិសាស្រ្ត រាជធានីភ្នំពេញ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ ឃាត់ខ្លួនបានកាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង២២និង៥០នាទី ខណៈដែលរូបគេ បានកំពុងធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីអ្នកដំណើរជាជនបរទេស នៅចំណុច ផ្លូវលេខ១៧៨ កែងផ្លូវលេខ១៣ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ក្រោមវិធានការជំនាញរបស់សមត្ថកិច្ចនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ អាវុធហត្ថរាជធានីភ្នំពេញ ជនសង្ស័យ ខាងលើ បានសារភាពឲ្យដឹងថា ខណៈដែលរូបគេកំពុងជិះម៉ូតូ ០១គ្រឿង ម៉ាក NEX ពណ៌ទឹកក្រូចលាយស ស្លាកលេខ ភ្នំពេញ 1HN-7303 ធ្វើដំណើរលើដងផ្លូវ ក្នុងភូមិសាស្រ្ត រាជធានីភ្នំពេញ គោលបំណងដើរឆក់ សម្ភាៈមានតម្លៃពីប្រជាពលរដ្ឋ លុះជិះដល់ម្តុំផ្សារកណ្តាល បានឃើញជនបរទេសម្នាក់កំពុងឈរចុចទូរស័ព្ទ ជាឳកាសល្អរូបគេបានជិះទៅក្បែរ ហើយឆក់ទូរស័ព្ទពីដៃជនរងគ្រោះ តែជនរងគ្រោះដឹងខ្លួនទាន់បានទាញទូរស័ព្ទវិញ បណ្តាលឲ្យរូបគេដួលម៉ូតូ ពេលនោះមានប្រជាពលរដ្ឋដេញចាប់រូបគេ ស្របពេលនោះ មានកម្លាំងអាវុធហត្ថល្បាតឃើញ បានឃាត់រូបគេតែម្តង។

រូបគេបានបន្តប្រាប់សមត្ថកិច្ចអាវុធហត្ថឲ្យដឹងទៀតថា កាលអំឡុងខែមីនា ឆ្នាំ២០១៩ រូបគេ និងបក្ខពួក ០២នាក់ទៀត ឈ្មោះ រ័ត្ន និងឈ្មោះ ភា ធ្លាប់ធ្វើសកម្មភាពឆក់ សម្ភារៈមានតម្លៃពីប្រជាពលរដ្ឋ ០៣លើកមកហើយ ដោយជិះម៉ូតូ ០២គ្រឿង ម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរី២០១៩ និងម៉ាក NEX ពណ៌ទឹកក្រូចលាយស ស្លាកលេខ ភ្នំពេញ 1HN-7303 ដើម្បីធ្វើសកម្មភាពឆក់។ លើកទី១ ពួកគេ ធ្វើសកម្មភាពឆក់ នៅចំណុចមុខវាំង តែមិនបានសម្រេច និងមានបក្ខពួកបិទគូថតាមក្រោយផងដែរ ,លើកទី២ ជនសង្ស័យ ខាងលើ បានជិះម៉ូតូម៉ាក NEX ម្នាក់ឯង ធ្វើសកម្មភាពឆក់ ទូរស័ព្ទដៃពីប្រជាពលរដ្ឋ នៅចំណុចផ្លូវព្រះស៊ីសុវត្ថិ តែមិនបានសម្រេច ,លើកទី៣ រូបគេបានឆក់ទូរស័ព្ទដៃ ០១គ្រឿង ម៉ាក SUMSUNG ពីជនរងគ្រោះបានសម្រេច នៅលើផ្លូវស៊ីសុវត្ថិ ហើយយកទៅលក់នៅម្តុំផ្សារសូរិយ៉ា បានប្រាក់ ១០០ដុល្លា អាមេរិក៕

មតិយោបល់