ព័ត៌មានជាតិ

ភ័យខ្លាចក្រទ្បាប់ ក្មេងប្រុសម្នាក់លោតពីលើរថយន្ត កំពុងបើកទ្បើងភ្នំ បណ្ដាលឲ្យបោកក្បាលស្លាប់មួយរំពេច

ពោធិ៍សាត់: កាលពីវេលាម៉ោង៨និង១០នាទីព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៩ មានករណីក្មេងប្រុសម្នាក់ បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីលោតលើរថយន្ត ដែលកំពុងបើកឡើងភ្នំ នៅចំណុចតាសៃ ឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

ជនរងគ្រោះឈ្មោះ សំ ប៊ុនលី ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិក្សេត្របូរី ឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

តាមការរៀបរាប់ពីអ្នកបើកបឈ្មោះ សំ ប៊ុនលៀង អាយុ៥២ឆ្នាំ ត្រូវជាឪពុកជនរងគ្រោះ បានប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុ គាត់និងជនរងគ្រោះ ត្រូវជាកូន បានបើករថយន្តចេញពីផ្ទះ ក្នុងគោលបំណងទៅដឹកថ្មកែវ មកដល់ចំណុចគោលដៅកម្មករនៅទីនោះ បានលើកថ្មដាក់ឡានពេញ ហើយក៏បើកឡានត្រឡប់មកផ្ទះវិញ ជាមួយជនរងគ្រោះ។

មកដល់ចំណុចកើតហេតុ រថយន្តបានបើកឡើងភ្នំ ហើយច្រាលលេខ ពេលនោះជនរងគ្រោះភ័យខ្លាយ រថយន្តក្រទ្បាប់ ក៏បានលោតពីលើរថយន្ត បណ្តាលឲ្យដួលបោកក្បាល ស្លាប់ភ្លាមៗ នៅនឹងកន្លែងតែម្តង។

ក្រោយពីទទួលបានព័ត៌មានពីអាណាព្យាបាលរបស់ជនរងគ្រោះ សមត្ថកិច្ច បានចុះដល់កន្លែងកើតហេតុ ធ្វើការពិនិត្យសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយករណីលោតពីលើរថយន្តមែន រួចក៏ប្រគល់សពជូនក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់