ភ្នំពេញៈ មានករណីទុសេខ្សែភ្លើងមួយ បង្កជាអគ្គិភ័យឆាបឆេះខ្សែភ្លើង ជាប់ផ្ទះពលរដ្ឋយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ច ចេញរថយន្តពន្លត់អគ្គិភ័យ មកជួយអន្តរាគមន៍ កាលពីវេលាម៉ោង២ និង៥០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩ តាមបណ្ដោយផ្លូវ៤៣០ កែងផ្លូវលេខ៤៩៤ ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានឲ្យដឹងថា ដំបូងគេឃើញកាប៊ីនភ្លើង ត្រង់ចំណុចកើតហេតុ បានឆ្លងចរន្តអគ្គិសនី រួចក៏ទុសេចេញជាផ្កាភ្លើង ព្រៀកៗ ឆាបឆេះខ្សែភ្លើងតែម្ដង បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋភ័យខ្លាច ឆេះរាលដាលដល់ផ្ទះពួកគាត់ ទើបរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានជាប្រញាប់ ឲ្យចេញរថយន្តពន្លត់អគ្គិភ័យ មកជួយអន្តរាគមន៍បាញ់ពន្លត់ ។
គ្រានោះរថយន្តពន្លត់អគ្គិភ័យចំនួន២គ្រឿង បានចេញមកដល់ទីតាំងកើតហេតុ ហើយបានឲ្យគេបិតចរន្តអគ្គិសនី ទើបធ្វើការបាញ់ទឹកពន្លត់អស់ទឹក១ឡាន ក៏រលត់ទៅវិញជាស្ថាពរ។
ករណីនេះ គ្រាន់តែប៉ះពាល់ដល់ជញ្ជាំងផ្ទះប្រជាពលរដ្ឋបន្តិចបន្ទួចតែប៉ុណ្ណោះ តែមិនបណ្ដាលឲ្យមនុស្សរងគ្រោះនោះឡើយ ៕





មតិយោបល់