ព័ត៌មានជាតិ

រថយន្ត RANGR ROVER បុករះបង្គោលភ្លើង និងស្លាកវីងបាក់រៀបដល់ដី

ភ្នំពេញ: បុរសម្នាក់ទំនងជាស្រវឹងស្រា បានបើករថយន្តមួយគ្រឿង បោះពួយយ៉ាងលឿន បានរេចង្កូតទៅបុករះបាក់បង្គោលភ្លើង និងស្កាកវីងរងការខូចខាតយ៉ាងដំណំ ចំណែករថយន្តខ្ទេចផ្នែកខាងមុខទៅលែងរួច។

ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង២ និង៣០នាទីយប់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩ តាមបណ្ដោយផ្លូវបេតុង ក្នុងភូមិមល័រ សង្កាត់ដង្កោ ខណ្ឌដង្កោ។

យោងតាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ ទំនងជាស្រវឹងស្រា បានបើករថយន្តម៉ាក RANGE ROVER ពាក់ស្លាកលេខភ្នំពេញ 2Q 1278 ធ្វើដំណើរពីលិចទៅកើតបោះពួយលឿន មកដល់ចំណុចកើតហេតុ បានរេចង្កូតមកខាងឆ្វេង បុករះពេញទំហឹង បណ្ដាលឲ្យបង្គោលភ្លើង និងស្លាកវីង បាក់រប៉ាត់រប៉ាយពេញផ្លូវ តែសំណាងល្អមិនបង្កឲ្យនរណាម្នាក់ រងរបួសនោះទេ។

ភ្លាមៗនោះម្ចាស់រថយន្ត ត្រូវរថយន្តស៊ីរ៉ែន មកដឹកគេចខ្លួនបាត់ បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានទាក់ទងជំនាញវាស់វែង យករថយន្តបង្កទៅការិយាល័យចរាចរណ៍ជើងគោកស្នងការរាជធានីភ្នំពេញ រង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយ តាមផ្លូវច្បាប់៕

មតិយោបល់