ព័ត៌មានជាតិ

Update៖ កឺៗ យកកាំបិតភ្ជង់ អ្នករត់តាក់ស៊ី

តាកែវៈ កាលពីល្ងាចថ្ងៃទី ៧ ខែឧសភា ឆ្នាំ២០១៩ កម្លាំងអធិការរដ្ឋាននគរបាលស្រុកត្រាំកក់ ដាក់កម្លាំងតាមផ្លូវ ដើម្បីត្រួតពិនិត្យរថយន្ត ១គ្រឿងម៉ាក លុចស៊ីស RX300 ពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ 2P-8959 បន្ទាប់ទទួលព័ត៌មានថា មានករណីលួច។

ដោយជនសង្ស័យជាជនជាតិចិន ២នាក់ បានជួលរថយន្តមួយគ្រឿងម៉ាក Lexus RX 300 ពាក់ស្លាកលេខ 2P-8959 ពណ៌ទឹកមាស របស់ឈ្មោះ ឃឹម ពិសិដ្ឋ ភេទប្រុស អាយុ៣៤ឆ្នាំ បុខរបររត់តាក់ស៊ី ទីលំនៅភូមិព្រែកឬស្សី ឃុំព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ធ្វើដំណើរចេញពីម្ដុំពោធិ៍ចិនតុង សង្កាត់ចោមចៅ រាជធានីភ្នំពេញ មកដល់ចំណុចវត្តស្លែង ជនសង្ស័យខាងលើ បានយកកំាបិតភ្ជង់មកលើជនរងគ្រោះ ជាម្ចាស់រថយន្ត រហូតមកដល់ទឹកដី ម្ដុំផ្សារគុម្ពឬស្សី ឃុំតាំងដូង ស្រុកបាទី អ្នកបើកបរក៏បានធ្វើល្បិចជាបត់ជើងធំ រួចក៏បានប្រតាយប្រតប់គ្នា ត្រូវជនសង្ស័យ ចាក់ជនរងគ្រោះ រងរបួសស្រាល។

ភ្លាមៗនោះ ជនរងគ្រោះ បានរត់មកប្តឹងសម្ថកិច្ចនៅស្រុកបាទី ចំណែកជនសង្ស័យ បានបើករថយន្តខាងលើ រត់គេចខ្លួន តាមបណ្តោយផ្លូវជាតិលេខ០៣ សំដៅទៅខេត្តកំពត។

ករណីនេះ លោកឧត្តមសេនីយ៍ទោ សុខ សំណាងស្នងការនគរបាលខេត្តតាកែវ បានបញ្ជាដល់កម្លាំងនគរបាលតាមបណ្តាស្រុក ក្រុង និងកម្លាំងអន្តរាគមន៍ (ក្រុមតោ) របស់ស្នងការដ្ឋាននគរបាលខេត្ត ចុះល្បាត ពួនស្ទាក់ ត្រួតពិនិត្យ ឆែកឆេររហូតដល់វេលាម៉ោង១៩ និង៣០នាទី កម្លាំងអធិការដ្ឋាននគរបាលស្រុកត្រាំកក់ សហការជាមួយកម្លាំងអន្តរាគមន៍ខេត្ត ស្ទាក់ឃាត់បានរថយន្ត និងជនសង្ស័យទាំងពីរនាក់ខាងលើ នៅលើផ្លូវជាតិលេខ០៣ ត្រង់ចំណុចផ្លូវបំបែកអង្គតាសោម ស្ថិតក្នុងឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ។

សង្ស័យជាជនជាតិចិនខាងលើ៖ ១.ឈ្មោះ ចាង ជីនស៊ីន ភេទប្រុស អាយុ៣៣ឆ្នាំ ស្នាក់នៅភ្នំពេញ និង២.ឈ្មោះ សែវ ជីន ភេទស្រី អាយុ៣៤ឆ្នាំ សព្វថ្ងៃស្នាក់នៅភ្នំពេញ។

ដកហូតបានវត្ថុតាងរួមមាន៖ រថយន្ត០១គ្រឿងម៉ាក Lexus RX 300 ពាក់ស្លាកលេខ 2P-8959 ពណ៌ទឹកមាស កាំបិតចុងស្រួច០១ អត្តសញ្ញាណប័ណ្ណចំនួន០២សន្លឹក កាបូបចំនួន០២ លុយចំនួន៣២០ដុល្លារ ទូរស័ព្ទ០១គ្រឿង។

បច្ចុប្បន្ន កម្លាំងជំនាញ កំពុងកសាងសំណុំរឿង ចាត់ការតាមនីតិវិធី បញ្ជូនទៅកាន់សាលាដំបូងខេត្ត៕

មតិយោបល់