កណ្ដាលៈ កាលពីវេលាម៉ោង ៦និង៥៦នាទីយប់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកម៉ូតូ បណ្ដាលឲ្យស្លាប់ និងរបួសធ្ងន់ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៧០A ក្នុងភូមិរការកោង ឃុំរការកោង១ ស្រុកមុខកំពូល ខេត្តកណ្ដាល។
ជនរងគ្រោះមានឈ្មោះ អ៊ុត សុកញ្ញា ភេទស្រី អាយុ១៧ឆ្នាំ ស្លាប់នៅកន្លែងកើតហេតុ មានទីលំនៅភូមិឃុំកើតហេតុខាងលើ បើកបរម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1X-5322 ។
ម៉ូតូបង្កម៉ាកស៊ុយហ្ស៊ូគីនិច ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1S-5333 អ្នកបើកបរមានឈ្មោះ ឃឿន វាសនា ភេទប្រុស អាយុ២០ឆ្នាំ (របួសធ្ងន់) មានទីលំនៅភូមិឡឥដ្ឋ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល រួមដំណើរជាមួយឈ្មោះ ចែម តូនី ភេទប្រុស អាយុ១៨ឆ្នាំ (របួសធ្ងន់) មានទីលំនៅភូមិព្រែកកុយ ឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម ។
ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញនារីរងគ្រោះបើកបរម៉ូតូ ម៉ាក ហុងដាឌ្រីម តាមបណ្ដោយផ្លូវជាតិលេខ៧០A ពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ ក៏រេចង្កូតទៅឆ្វេង ស្របពេលជាមួយគ្នានោះ ស្រាប់តែមានម៉ូតូ១គ្រឿងទៀត ម៉ាកស៊ុយហ្ស៊ូគីនិច ជិះគ្នា២នាក់ បុកពេញមួយទំហឹង បណ្ដាលឲ្យនារីរងគ្រោះស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ រីឯអ្នកបើកបរម៉ូតូស៊ុយហ្ស៊ូគីនិច រងរបួសធ្ងន់ទាំង២នាក់ ។
ក្រោយកើតហេតុសមត្ថកិច្ចចុះធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីរង់ចាំការដោះស្រាយតាមនីតិវិធី ចំណែកឯអ្នករងរបួសធ្ងន់ត្រូវ បានក្រុមកម្លាំងជំនាញហៅ រថយន្តសាមុយដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យ រីឯសពជនរងគ្រោះនគរបាលស្រុក ប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។
តាមការសន្និដ្ឋាន របស់សមត្ថកិច្ចឲ្យដឹងថា ករណីខាងលើនេះគឺ បណ្ដាលមកពីនារីរងគ្រោះ ជាអ្នកបើកបរម៉ូតូម៉ាកហុងដាឌ្រីម បើកមិនប្រកាន់ស្ដាំ ៕
មតិយោបល់