ព័ត៌មានជាតិ

លោក ប៉ា សុជាតិវង្ស ស្នើឲ្យក្រុមហ៊ុនទទួលម៉ៅការស្ថាបនាលូ ផ្លូវ ក្នុងរាជធានីភ្នំពេញ ធ្វើយ៉ាងណាកុំមានការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋ

ភ្នំពេញៈ អភិបាលរាជធានីភ្នំពេញលោក ប៉ា សុជាតិវង្ស បានស្នើឲ្យក្រុមហ៊ុនទទួលម៉ៅការស្ថាបនាលូ ផ្លូវ ក្នុងរាជធានីភ្នំពេញទាំងអស់ ត្រូវដើរតួតំណាងឲ្យរដ្ឋាភិបាល និងសាលារាជធានី ដើម្បីកាត់បន្ថយការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋ ដោយហេតុថា កន្លងមកនេះ មានក្រុមហ៊ុនមួយចំនួន ដែលទទួលបានសិទ្ធិក្នុងការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធនានារបស់រាជធានីភ្នំពេញ បានទុកការដ្ឋានស្ថាបនារបស់ខ្លួនចោល បង្កឲ្យប៉ះពាល់ដល់អាជីវកម្មរបស់ប្រជាពលរដ្ឋ និងអ្នកដំណើរផងដែរ។

ការស្នើរបស់លោក ប៉ា សុជាតិវង្ស បែបនេះក្នុងកិច្ចប្រជុំជាមួយក្រុមហ៊ុនស្ថាបនាលូ ផ្លូវ មន្រ្តីជំនាញនិងអាជ្ញាធរ ពាក់ព័ន្ធ និងការដ្ឋានពង្រីកផ្លូវ ដាក់លូនៅតាមបណ្តោយផ្លូវជាតិលេខ៤ ត្រង់ចំណុចមុខសាលាជម្ពូវ័ន្ធ និងការដ្ឋានស្ថាបនាផ្លូវទំនប់កប់ស្រូវនៅសាលារាជធានីភ្នំពេញកាលពីរសៀលថ្ងៃទី១២ កក្កដា ឆ្នាំ២០១៦។

លោក ប៉ា សុជាតិវង្ស បានមានប្រសាសន៍បន្តថា ដើម្បីដោះស្រាយឲ្យបាននូវការស្ទះបីយ៉ាងនៅរាជធានីភ្នំពេញ ថ្នាក់ដឹកនាំរបស់រាជរដ្ឋាភិបាលបានជំរុញឲ្យរដ្ឋបាលរាជធានីភ្នំពេញ ធ្វើការដោះស្រាយនោះ គឺការស្ទះលូ សម្រាម និងការកកស្ទះចរាចរណ៍។ លោកបន្តថា ចំពោះការដោះស្រាយនូវបញ្ហាខាងលើនេះសាលារាជធានីភ្នំពេញបានស្ថាបនា ស្ថានីយបូមទឹកជាច្រើនកន្លង រៀបចំបណ្តាញលូថ្មី រួមនិងការស្ថាបនា ជួសជុលផ្លូវជាច្រើនខ្សែផងដែរ ។ប៉ុន្តែអ្វីដែលគួរឲ្យសោគស្តាយនោះគឺ យើងមានលុយសម្រាប់ស្ថាបនាហើយ តែបែរជាត្រូវប្រជាពលរដ្ឋជេរយើងទៅវិញ។ ការជេរនិងរិះគន់ពីសំណាក់ប្រជាពលរដ្ឋនេះ គឺវាផ្តើមចេញពីភាពអសកម្មរបស់យើង ដោយបណ្តែតបណ្តោយឲ្យក្រុមហុនមួយចំនួនទុកការដ្ឋានលូ ផ្លូវមួយចំនួនឲ្យនៅមេម៉ាយយូរខែ បង្កឲ្យប៉ះពាល់ដល់អាជីវកម្មរបស់ប្រជាពលរដ្ឋនិងអ្នកដំណើរដែលឆ្លងកាត់ការដ្ឋាននោះ ដូច្នេះទេ លោកស្នើឲ្យក្រុមហុនទទួលម៉ៅការស្ថាបនាលូ ផ្លូវនានាក្នុងរាជធានីភ្នំពេញទាំងអស់ត្រូវដើរតួតំណាងឲ្យរដ្ឋាភិបាលនិងសាលារាជធានី ដើម្បីកាត់បន្ថយការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋ មិនមែនចេះតែធ្វើមិនគិតដល់ផលប៉ះពាលដល់ប្រជាពលរដ្ឋនោះទេ ។

លោក ប៉ា សុជាតិវង្ស ក៏បានបញ្ជាក់ផងដែរថា អង្គកាចៃការបស់ជប៉ុនគេអនុវត្តការងារបានល្អណាស់ កាត់បន្ថយផលប៉ះពាល់យ៉ាងច្រើនពីប្រជាពលរដ្ឋ ដោយអង្គកាចៃការបស់ជប៉ុននេះ បើគេស្ថាបនាលូហើយនោះគឺបានប្រជុំផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋបានដឹងជាមុន ស្តីពីការប៉ះពាល់ និងម្យ៉ាងទៀតគេបានកំណត់យ៉ាងច្បាស់ពីចំងាយផ្លូវដែលត្រូវបើកដ្ឋាន មានន័យថា កាយដាក់លូប្រវែងផ្លូវ១០០ម៉ែត្រក្នុងមួយខែ គឺមួយខែក្រោយត្រូវតែរួចរាល់ ទើបគេបន្តការដ្ឋានទៅមុខមួយរយម៉ែត្រទៀត។ លោកស្នើឲ្យក្រុមហ៊ុនទទួលម៉ៅការស្ថាបនាលូ ផ្លូវ ក្នុងរាជធានីភ្នំពេញទាំងអស់គួរតែអនុវត្តតាមអង្គកាចៃការបស់ជប៉ុននេះ ទើបកាត់បន្ថយបានពីការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋ ហើយប្រជាពលរដ្ឋក៏គាត់ជឿជាក់មកលើយើងវិញដែរ។

ផ្លូវទំនប់កប់ស្រូវមានប្រវែង១៦គីឡូមម៉ែត្រ និង៨០០ម៉ែត្រ ក្នុងនោះប្រវែងជាង១២គីឡូម៉ែត្រ ត្រូវបានសាលារាជធានីភ្នំពេញសំរេចស្ថាបនាជាផ្លូវបេតុងជំនួស ផ្លូវកៅស៊ូដែលមានការខូចខាតច្រើនដែលទទួលម៉ៅការស្ថាបនាដោយក្រុមហ៊ុនចំនួន៣ ក្នុងពេលតែមួយគឺក្រុមហ៊ុនTCM,ក្រុមហ៊ុនឡាប៊្រូវណ្ណី និងក្រុមហ៊ុនដូនពេញ ដែលពិនិត្យ បច្ចេកទេសដោយមន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញ។

លោក ប៉ា សុជាតិវង្ស បានជំរុញឲ្យក្រុមហ៊ុនទាំង៣ស្ថាបនាឲ្យបានរួចរាល់ក្នុងរយះពេល៣ខែខាងមុខនេះ ទៅតាមការណែនាំពីប្រមុខរាជរដ្ឋភិបាលក្រោយពីទុកចោលមិនធ្វើការជួសជុលជាច្រើនឆ្នាំហើយនោះ។

ផ្លូវទំនប់កប់ស្រូវ ជាផ្លូវក្រវ៉ាត់ក្រុងយ៉ាងសំខាន់ជាពិសេសជាផ្លូវសំរាប់រថយន្តដឹកធ្ងន់ ឆ្លងកាត់ទាំងយប់ទាំងថ្ងៃតភ្ជាប់ភូមិសាស្ត្ររាជធានីភ្នំពេញទៅកាន់ខេត្តក្រុងនានាមានផ្លូវជាតិលេខ៥,​លេខ៦,លេខ៤,​លេខ៣ជាដើមដែលជាសរសៃឈាមសេដ្ឋកិច្ចនិងជាផ្លូវវាង រាជធានីភ្នំពេញកាត់បន្ថយការឆ្លងកាត់កណ្តាលក្រុងបានមួយផ្នែកធំ និងលើកកម្ពស់​សណ្តាប់ធ្នាប់ក្នុងទីក្រុងផងដែរ៕

មតិយោបល់