ព័ត៌មានជាតិ

ទឹកក្រូច ទឹកផ្លែឈី នំចាហួយកែវ ដំណាប់ដូងខូចគុណភាពនិងហួសកាលបរិច្ឆេទជាច្រើនត្រូវបានមន្រ្តីសាខាកាំកុងត្រូលខេត្តព្រះវិហារ រកឃើញនៅផ្សារជាំក្សាន្ត

ព្រះវិហារ: យោងតាមផេករបស់អគ្គនាយកដ្ឋានកាំកុងត្រូលបានឲ្យដឹងថា ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៩ មន្រ្តីសាខាកាំកុងត្រូលខេត្តព្រះវិហារ ដោយមានការសហការចូលរួមពី មន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត អាជ្ញាធរដែនដី និងយុវជនកាកបាទក្រហមស្រុកជាំក្សាន្ត បានចុះត្រួតពិនិត្យ និងផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ដែលមានដាក់តាំងលក់នៅផ្សារជាំក្សាន្ត ក្នុងឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ក្នុងសកម្មភាពនេះ មន្ត្រីជំនាញ បានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមនៅលើសំបកវេចខ្ចប់ផលិតផលម្ហូបអាហារផងដែរ ។

ជាលទ្ធផលមន្ត្រីជំនាញ បានរកឃើញទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ មួយចំនួនដូចជា៖
-ទឹកក្រូចចម្រុះ ចំនួន ១១ ដប និង២៤ កំប៉ុង ស្មើនឹង ១៨,១៨៥ លីត្រ
-ទឹកផ្លែឈីចម្រុះ ចំនួន ៤២ ដប និង២៤ កំប៉ុង ស្មើនឹង ២០,៧៦៩ លីត្រ
-នំចម្រុះចំនួន ៨៩ កញ្ចប់ និង០១ បាវ ស្មើនឹង ៣០,៦០ គីឡូក្រាម
-ចាហួយកែវ ចំនួន ៣០ កែវ ស្មើនឹង ៣,៧៥ គីឡូក្រាម
-ដំណាប់ដូង ចំនួន ២៣ កញ្ចប់ ស្មើនឹង ១៩,៦០ គីឡូក្រាម។

បន្ទាប់មក មន្ត្រីកាំកុងត្រូលបានធ្វើកំណត់ហេតុដកហូត ទំនិញទាំងនោះយកទៅកម្ទេចចោលភ្លាមៗ តាមនីតិវិធី។ ទន្ទឹមនឹងនោះមន្ត្រីជំនាញក៏បានធ្វើការណែនាំដល់អាជីវករផ្សេងទៀត ឲ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត ៕

 

មតិយោបល់