ព័ត៌មានជាតិ

ស្តារិចឆ្លងផ្លូវ ហ៊ីយ៉ាន់ដាយអកហ្សើគេច បណ្ដាលឲ្យក្រឡាប់ផ្ងារជើង

ភ្នំពេញ: រថយន្តម៉ាកស្តារិចមួយគ្រឿង បើកឆ្លងផ្លូវ ខណ:រថយន្តម៉ាកហ៊ីយ៉ាន់ដាយ ទៅត្រង់អកហ្សើគេច ក៏ជាន់ហ្រាំង បណ្ដាលឲ្យក្រឡាប់ផ្ងារជើង រងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៧និង១៥នាទីព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៩ ត្រង់ចំណុចមុខការដ្ឋានរណ្តៅតាកៅ តាមបណ្តោយមហាវិថីឈ្នះឈ្នះ ភូមិកប់ស្រូវតូច សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

រថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3E 5369 បើកបរដោយឈ្មោះ​ ប្រាក់ វាសនា ភេទប្រុស អាយុ២១ ឆ្នាំ ស្នាក់នៅភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ រថយន្តម៉ាកហ៊ីយ៉ាន់ដាយ ធ្វើដំណើរពីលិចទៅកើត តាមបណ្តោយមហាវិថីឈ្នះឈ្នះទិសដៅ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តម៉ាកស្តាតិច មិនចាំស្លាកលេខមួយគ្រឿង បើកឆ្លងផ្លូវយ៉ាងលឿន ធ្វើឲ្យរថយន្តហ៊ីយ៉ាន់ដាយអកហ្សើ បួងចង្កូតគេចនិងជាន់ហ្រាំង បណ្តាលឲ្យរអិលក្រឡាប់ផ្ងារជើង រងការខូចខាត ចំណែកតៃកុងរបួសស្រាល រីឯអ្នកបើករថយន្តម៉ាកស្តារិច ក្រោយពីឃើញសភាពដូច្នេះ បានបន្តដំណើរទៅមុខបាត់ស្រមោល។

ក្រោយពេលកើតហេតុ ដោយសារករណីនេះ មិនប៉ះពាល់ដល់សម្បត្តិរដ្ឋ ភាគីខាងរថយន្តរងគ្រោះ ទាក់ទងរថយន្តមកស្ទូច យកទៅជួសជុលដោយខ្លូនឯង៕

មតិយោបល់