ព័ត៌មានជាតិ

មន្ត្រីនគរបាលម្នាក់ត្រូវបងប្រុសវាយស្លាប់ក្នុងថ្លុកឈាម

បន្ទាយមានជ័យៈ មន្ត្រីនគរបាលការពារព្រំដែនគោកម្នាក់ ត្រូវបងប្រុសបង្កើតបានយកដំបងដែកទីព វាយចំផ្នែកខាងក្រោយក្បាល បណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោធអាធ័ម កាលពីយប់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦ លុះព្រឹកថ្ងៃទី១៣ ខែកក្កដានេះបង្កភ្ញាក់ផ្អើល នៅភូមិចាន់គីរី សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

អធិការនគរបាលក្រុងប៉ោយប៉ែត លោក ធិន ស៊ិនដេត បានឲ្យដឹងថា ក្រោយកើតហេតុកម្លាំងចុះទៅអន្តរាគមន៍ភ្លាមៗ និងធ្វើការឃាត់ខ្លួនជនសង្ស័យជាបងប្រុសបង្កើតដែលមានជំងឺប្រសៃប្រសាទប្រចាំខ្លួនយូរណាស់មកហើយ។

លោកអធិការប្រាប់ថា ជនសង្ស័យមានឈ្មោះ ឡុង សំអឿន អាយុ៤២ឆ្នាំរស់នៅកន្លែងកើតហេតុខាងលើ រីឯប្អូនប្រុសបង្កើតស្លាប់មានឈ្មោះ ឡុង សំអូន អាយុ៣៨ឆ្នាំ ជាមន្ត្រីនគរបាលការពារព្រំដែនគោកប្រចាំខេត្តព្រះវិហារ។

តាមការអះអាងពីម្តាយជនរងគ្រោះបានប្រាប់ថា កូនប្រុសជាទីស្រលាញ់គាត់បានទៅបំពេញភារកិច្ចជាមន្ត្រីនគរបាលការពារព្រំដែនអស់ជាច្រើនខែ លុះល្ងាចម្សិលមិញនេះកូនប្រុសបានមកដល់ផ្ទះ និងមិនទាន់បានអង្គុយ ក្តៅគូទផង ស្រាប់តែបងប្រុសបានស្រែកហៅប្អូនទៅក្រៅ តែពេលយប់ជ្រៅពេក គាត់បានបិតទ្វារផ្ទះដេក ដោយមិនបានដឹងពីហេតុការណ៍នោះឡើយ។ លុះព្រឹកឡើងទើបគាត់បានបើកទ្វាររួចហៅកូនប្រុស (រងគ្រោះ) មកញាំអាហារពេលព្រឹក តែមិនឆ្លើយសោះ ស្រាប់តែគាត់បានដើរទៅក្រោយផ្ទះក៏ឃើញកូនប្រុសរងគ្រោះដេកស្លាប់ មិនដឹងតាំងពីពេលណាឡើយ។

សមត្ថកិច្ចបានចុះពិនិត្យ និងធ្វើកោសល្យវិច័យ បានសន្និដ្ឋានថា សាកសពនេះត្រូវបានគេវាយចំផ្នែកខាងក្រោយក្បាល ជាច្រើនដំបងដែកទើបស្លាប់។ បច្ចុប្បន្ននេះ សមត្ថកិច្ចបានប្រគល់សាកសពរងគ្រោះទៅម្តាយធ្វើបុណ្យតាមប្រពៃណី។

ចំណែកជនសង្ស័យបានសមត្ថកិច្ចនគរបាលបាលក្រុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់៕

មតិយោបល់