ភ្នំពេញៈ ចោរ២នាក់ បានធ្វើសកម្មភាពឆក់កាបូបនារីម្នាក់ មិនបានសម្រេច ត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ចឃាត់បានភ្លាមៗ កាលពីវេលាម៉ោង៩ និង៣០នាទីយប់ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៩ តាមបណ្ដោយផ្លូវវេងស្រេង ទល់មុខផ្ទះឡភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យទី១.ឈ្មោះ ហាន ហាច ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិផ្ទះជួលបងស្រី ម្តុំកាណាឌីយ៉ាភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានស្រុកកំណើតនៅភូមិផ្ទះវៀល ឃុំទ្រាស្រុកស្ទោង ខេត្តកំពង់ធំ និងទី២.ឈ្មោះ ប៊ឿន រ៉ាម៉ន ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។ ជនសង្ស័យទាំង២ នាក់ជិះម៉ូតូម៉ាកឌ្រីមសង់ ស៊េរី២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1GL-4838។
ជនរងគ្រោះឈ្មោះ ជា លីម ភេទស្រី អាយុ៣៨ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានស្រុកកំណើត នៅភូមិចំការចេក ឃុំស្វាយយា ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ជិះម៉ូតូម៉ាកឌ្រីមសង់ ស៊េរី២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ1J-5557។
សម្ភារៈដែលជនសង្ស័យឆក់រួមមាន៖ កាបូបដៃ ពណ៌ក្រហម ក្នុងនោះទូរស័ព្ទ១គ្រឿង ម៉ាកទិណូលុយដុល្លារ១៦៨ លុយប្រាក់រៀល១៥ ម៉ឺនរៀល។
តាមប្រភពព័ត៌មានពីជនរងគ្រោះ បាននិយាយថា នៅមុនពេលកើតហេតុ រូបគាត់ទើបត្រឡប់មកពីខ្ចីលុយប្អូន នៅម្តុំរោងចក្រអ៊ីខាង សង្កាត់ស្ទឹងមានជ័យ ហើយបានជិះត្រឡប់មកផ្ទះគាត់វិញ។
លុះជិះម៉ូតូមកដល់ចំណុចកើតហេតុ ស្រាប់តែមានជនសង្ស័យ២នាក់ បានធ្វើសកម្មភាពឆក់កាបូបរបស់គាត់ ហើយបានជិះរត់គេចចូលទៅក្នុងសួនកាណាឌីយ៉ា តែដោយគាត់បានស្គាល់ភិនភាគ ស្លាកលេខម៉ូតូជនសង្ស័យ និងស្រែកថាចោរចោរ នៅពេលនោះប្រជាពលរដ្ឋ និងសន្តិសុខយាមសួនខាងលើ ធ្វើការឃាត់បានភ្លាមៗ រួចក៏រាយការណ៍អោយសមត្ថកិច្ច មកជួយអន្តរាគមន៍។
ជនសង្ស័យ ត្រូវសមត្ថកិច្ចឃាត់ យកមកសួរនាំនៅប៉ុស្តិ៍នគរបាល និងបញ្ជូនទៅផ្នែកជំនាញព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
សូមបញ្ជាក់៖ ខណៈប្រជាពលរដ្ឋ និងសន្តិសុខជួយឃាត់ជនសង្ស័យ ពេលនោះមានជនឆ្លៀតឱកាស បានយកលុយក្នុងកាបូបរបស់ជនរងគ្រោះ អស់មាស៣ជី និងលុយជាង១០ម៉ឺនផងដែរ៕
មតិយោបល់