ព័ត៌មានជាតិ

សូមប្រុងប្រយ័ត្នបងប្អូន! រកឃើញទឹកក្រូច ខូចគុណភាព

កណ្តាល: យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ មន្រ្តីសាខាកាំកុងត្រូលខេត្តកណ្តាល ដោយមានការសហការចូលរួមពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងគណ:កម្មការផ្សារ បានចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ និងបានត្រួតពិនិត្យផលិតផលទំនិញ ម្ហូបអាហារ នៅក្នុងផ្សារតាខ្មៅ និងតាមផ្ទះលក់ទំនិញជុំវិញផ្សារ ស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្តាល ។
គោលបំណងនៃការត្រួតពិនិត្យ គីក្នុងគោលបំណង ស្រាវជ្រាវ ទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ និងមានសារធាតុគីមីហាមឃាត់។

ក្នុងសកម្មភាពត្រួតពិនិត្យ មន្ត្រីជំនាញបានធ្វើតេស្តបឋម ទៅលើផលិតផលម្ហូបអាហារមួយចំនួន ដូចជា៖ គ្រឿងកំប៉ុង គ្រឿងសមុទ្រ បន្លែ សណ្តែកបណ្តុះ ខ្ញីហាន់ ប្រហិតសាច់គោ ណែម សាច់ក្រក គុយទាវ មីលឿង បាញ់កាញ់ លតស្វិត និងគ្រឿងឧបភោគបរិភោគ ។ល។

ជាលទ្ធផល មន្ត្រីជំនាញពុំបានរកឃើញភាពមិនប្រក្រតីណាមួយ នៅលើគំរូម្ហូបអាហារនោះទេ តែបានរកឃើញទឹកក្រូច ដែលខូចគុណភាព និងហួសកាលបរិចេ្ឆទចំនួន ១៦ ដប។ បន្ទាប់មកមន្ត្រីជំនាញ បានធ្វើកំណត់ហេតុដកហូតទឹកក្រូចទាំងនោះ យកមករក្សាទុក ដើម្បីដុតកម្ទេចចោល នៅពេលក្រោយ និងបានធ្វើការណែនាំដល់អាជីវករ ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕

មតិយោបល់