ភ្នំពេញៈ មានការភ្ញាក់ផ្អើល រថយន្តមួយគ្រឿង បើកបុកបង្គោលភ្លើងបំភ្លឺផ្លូវ បណ្ដាលឲ្យបាក់រាបដល់ដី ខណៈរថយន្ត បានធ្លាក់ចូលប្រឡាយទឹកស្អុយ កាលពីវេលាម៉ោង ១០និង៤០នាទីយប់ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ តាមបណ្ដោយផ្លូវជាតិលេខ៤ ផ្លូវរថភ្លើង ភូមិអូឌឹម សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពពីម្ចាស់រថយន្ត បានប្រាប់ឲ្យដឹងថា មុនកើតហេតុរូបគាត់ រួមមានគ្នា៣នាក់ទៀត បានចេញពីផឹកស៊ីនៅហាងមួយកន្លែង ម្តុំស្ទឹងមានជ័យ ដោយបើករថយន្តមួយគ្រឿងម៉ាក លុចស៊ីស RX-330 ពណ៌ទឹកសមុទ្រ ពាក់ស្លាកលេខ ភ្នំពេញ2AW-6780 បំណងត្រឡប់ទៅផ្ទះនៅបូរីពិភពថ្មីកំបូល ធ្វើដំណើរពីកើតទៅលិច មកដល់ចំណុចកើតហេតុ បានបើកគេចពីម៉ូតូមួយគ្រឿង នៅខាងមុខ បណ្តាលឲ្យរេចង្កូតមកខាងស្តាំដៃជ្រុល ទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវ បាក់មួយដើមរាបដល់ដី ចំណែករថយន្តក៏ធ្លាក់ចូលប្រឡាយទឹកស្អុយ ទៅមុខលែងរួច សំណាងល្អ អ្នកបើកបរ និងអ្នករួមដំណើរមិនមានរងរបួសនោះទេ។
ភ្លាមៗនោះក៏មានបុរសពីរនាក់ ស្លៀកពាក់ស៊ីវិលមានសៀត ID និងចង្កេះបានមកចរចា ជាមួយម្ចាស់រថយន្ត ជួយហៅរថយន្តស្ទូចយកទៅផ្ទះឲ្យ ហើយទារលុយចំនួន ៣០០ដុល្លារ តែម្ចាស់រថយន្តមិនព្រមធ្វើឲ្យផ្អើល ដល់សមត្ថកិច្ចមូលដ្ឋាន និងអ្នកសារព័ត៌មាន ចុះទៅផ្តិតយករូបភាព ស្រាប់តែបុរសទាំងពីនាក់នោះ បានរករឿងមិនឲ្យថតយករូបភាព ដើម្បីពួកគេងាយស្រួល ចាត់ការតាមការគួរ។ បន្ទាប់មកសមត្ថកិច្ច បានសួរនាំបុរសទាំងពីរនាក់នោះ ដែរ តែមើលសភាពមិនស្រួល បាននាំគ្នាចេញពីកន្លែងកើតបាត់ស្រមោល។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែងយករថយន្តបង្ក ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕
មតិយោបល់