ព័ត៌មានជាតិ

បើករថយន្តលឿនរេចង្កូតចូលផ្ទះពលរដ្ឋរបួសធ្ងន់ម្នាក់

រតនគិរី: រថយន្តបាឡែនមួយគ្រឿងជ្រុលចង្កូតបុកម៉ូតូបញ្ឈរចោលនៅមុខផ្ទះហើយបន្តទៅបុកផ្ទះប្រជាពលរដ្ឋ
រងបួសធ្ងន់ម្នាក់ខូចខាតផ្ទះយ៉ាងដំណំរថយន្តរងការខូចខាតស្ទើរអស់ទាំងស្រុង។

គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៥និង២០នាទីល្ងាចថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវជាតិលេខ៧៨ ត្រង់ចំណុចមុខ ចម្ការដូងប្រេង ស្ថិតនៅក្នុងភូមិសោមគល់ ឃុំសោមធំ ស្រុកអូរយ៉ាដាវ។

នគរបាលបានឲ្យដឹងថា រថយន្តបង្កគ្រោះថ្នាក់ ចរាចរណ៍ដោយខ្លួនឯងមួយគ្រឿងម៉ាកកាមរីបាឡែន ពណ៌ស ពាក់ស្លាក លេខភ្នំពេញ 2AS-7781 អ្នកបើកបរដោយឈ្មោះ ធូរ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ របួសស្រាល មានទីលំនៅស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។

ប្រភពដដែលបន្តថាអ្នកបើកបររថយន្តជិះម្នាក់ឯងពីកើតទៅលិចក្នុងល្បឿនលឿនដល់ត្រង់ចំណុចកើតហេតុបានរេចង្កូតចូលផ្ទះឈ្មោះបូរ ជាង ភេទប្រុស បណ្តាលឲ្យម្ចាស់ផ្ទះរបួសធ្ងន់ និងប៉ះម៉ូតូកែច្នៃមួយគ្រឿងទៀតកំពុងបញ្ឈរនៅមុខផ្ទះឈ្មោះបូរជាង រីឯម្ចាស់ម៉ូតូបានចូលក្នុងផ្ទះនោះផុត ចំណែកផ្ទះជនរងគ្រោះរងការខូចខាតមួយកំណាត់មុខ។

ក្រោយកើតហេតុជនរងគ្រោះជាម្ចាស់ផ្ទះត្រូវបានបងប្អូនដឹកបញ្ជូនយកទៅព្យាបាលនៅមន្ទីរពេទ្យប្រទេសវៀតណាម។ដោយឡែកម្ចាស់រថយន្តបង្កហេតុ បានសម្របសម្រួលនៅកន្លែងកើតហេតុ ដើម្បីបញ្ចប់រឿង៕

មតិយោបល់