ព័ត៌មានជាតិ

ជនជាតិចិនបើករថយន្តលឿនឆ្លងផ្លូវ ទៅបុកម៉ូតូរបួសបាក់ភ្លៅម្នាក់ស្រាលម្នាក់រថយន្តផ្លុងចោលក្នុងបុរីព្រីនថោន

ភ្នំពេញ: យុវជន២នាក់រងរបួសធ្ងន់ស្រាល ខណ:ដែលកំពុងជិះម៉ូតូធ្វើដំណើរតាមផ្លូវ ត្រូវបាន ជនជាតិចិនបើករថយន្តឡិចស៊ីស ល្បឿនលឿនកាត់ទទឹងផ្លូវមកបុកទាំងកម្រោល កាលពីវេលាម៉ោង៣និង១០នាទីរសៀល ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅតាមផ្លូវសហព័ន្ធរុស្សី ភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យ រថយន្តបង្កបើករត់គេចយកទៅផ្លុងចោល តាមផ្លូវក្នុងបុរីព្រីនថោន ភូមិក្បាលដំរី២ សង្កាត់កាកាប២ ហើយគេចខ្លួនបាត់ ។

រថយន្តបង្ក ម៉ាកឡិចស៊ីស RX300 ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2I-7560 បើកបរដោយជនជាតិចិន រួមដំណើរជាមួយស្ត្រីចិនម្នាក់ទៀត ។ ចំណែក ជនរងគ្រោះ ២នាក់បងប្អូន បងរងរបួសបាក់ភ្លៅខ្ទេច ប្អូនរងរបួសស្រាល ទាំង២នាក់ជិះម៉ូតូមួយគ្រឿងម៉ាក MSX ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FQ-4511 ។

តាមពលរដ្ឋឃើញហេតុការណ៍ បានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះ២នាក់បងប្អូន ឌុបគ្នា ធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្សីពីលិចទៅកើត លុះដល់ចំណុចកើតហេតុ រថយន្តបង្ក បើកបរដោយជនជាតិចិន បបោលល្បឿនលឿនចេញពីផ្លូវភូមិតាកន ឆ្លងកាត់ទទឹងផ្លូវបំណងបតឆ្ពោះទៅកើត ទាំងមិនបើកភ្លើងស៊ីញ៉ូ ជ្រុលទៅបុកពីទទឹងម៉ូតូMSX ផ្លោងជិត១០ម៉ែត្រ បណ្តាលឲ្យរងរបួសបាក់ភ្លៅម្នាក់ របួសស្រាលម្នាក់ ។

ប្រភពបន្តទៀតថា ក្រោយពីរថយន្តចិន បើកបុកម៉ូតូទាំងកម្រោលភ្លាម រថយន្តបានបង្អន់បំរ៉ុងឈប់ ពលរដ្ឋនាំគ្នាថតស្លាកលេខ រថយន្តបាន ស្រាប់តែ រថយន្តបង្កបន្ថែមល្បឿន បើករត់គេច ហើយសមត្ថកិច្ចក៏ទៅដល់កន្លែងកើតហេតុ ប្រកាសតាមវិទ្យុទាក់ទង ជុំវិញស្លាកលេខរថយន្តបង្កបើករត់ មួយសន្ទុះក្រោយមក ស្រាប់តែកម្លាំងល្បាតរបស់ប៉ុស្តិ៍កាកាប២ ប្រទះឃើញរថយន្តភិនភាគ ស្លាកលេខខាងលើ ចតផ្លុងចោល នៅក្នុងបុរីព្រីនថោន តែអ្នកបើកបរគេចខ្លួនបាត់ ។

ជនរងគ្រោះ២នាក់បងប្អូនត្រូវបានរថយន្តគ្លីនិក ដឹកយកទៅ ចំណែកម៉ូតូ និងរថយន្តបង្ក សមត្ថកិច្ចតាមរកឃើញ ស្ទូចអូសយកទៅរក្សាទុកនៅផ្នែកជំនាញអធិការដ្ឋានខណ្ឌ រងចាំស្រាវជ្រាវរកម្ចាស់មកដោះស្រាយពេលក្រោយ ៕

មតិយោបល់