ភ្នំពេញៈ បន្ទាប់ពីមានករណីប្លន់ប្រដាប់អាវុធ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោកវរសេនីយ៍ទោ យឹម សារ៉ាន់ អធិការ នៃអធិការដា្ឋនគរបាលខណ្ឌពោធិសែនជ័យ បានបើកប្រតិបត្តិការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យ៣នាក់ ព្រមទាំងដកហូតអាវុធខ្លីមួយដើមផងដែរ។
ប្រតិបត្តិការនេះបានធ្វើឡើងនៅវេលាម៉ោង៩ និង៤៥នាទី ព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦ នៅក្នុងចំណុចបន្ទប់ជួល ភូមិប៉ប្រកខាងជើង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យទាំង ៣នាក់ដែលត្រូវចាប់ខ្លួន ទី១.ឈ្មោះ សៅ ពុធ ភេទប្រុស អាយុ២៨ឆ្នាំ (ជាអ្នកកាន់កាំភ្លើង) ទី២.ឈ្មោះ សៅ សារ៉ាត់ ភេទប្រុស អាយុ២២ឆ្នាំ និងទី៣.ឈ្មោះ ឡុង ប៊ុនហេង ភេទប្រុស អាយុ១៧ឆ្នាំ ទាំង៣នាក់ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ភូមិប៉ប្រកខាងជើង សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ និងមានស្រុកកំណើតនៅភូមិចាម ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
មន្ត្រីនគរបាលព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យប្រាប់ឲ្យដឹងថា កាលពីវេលាម៉ោង២១ និង៥០នាទី យប់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦ នៅតាមផ្លូវបេតុងវត្តអង្គតាមិញ ភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ មានអំពើប្លន់ប្រដាប់អាវុធមួយកើតឡើង បង្កឡើងដោយជនសង្ស័យមានបក្ខពួក៣នាក់ ជិះម៉ូតូ២គ្រឿង បានធ្វើសកម្មភាពបាញ់ប្លន់ជនរងគ្រោះមានគ្នា២នាក់ យកម៉ូតូ ១គ្រឿង ម៉ាកហុងដា សេ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង 1H-2542 ជិះគេចខ្លួនដោយសុវត្ថិភាព។
មន្ត្រីនគរបាលព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យប្រាប់បន្តឲ្យដឹងថា ក្រោយពីកើតហេតុជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅ ដើម្បីជួយអន្តរាគមន៍ ហើយបន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាមលោកវរសេនីយ៍ទោ យឹម សារ៉ាន់ អធិការនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានបញ្ជាកម្លាំងតាមបណ្តាលប៉ុស្តិ៍ និងកម្លាំងជំនាញព្រហ្មទណ្ឌខណ្ឌ បើកការស្រាវជ្រាវតាមដាន រហូតស្គាល់ពីទីកន្លែងក្រុមជនសង្ស័យស្នាក់នៅពិតប្រាដក ទើបនាវេលាម៉ោង៩និង៤៥នាទីព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦ នេះ សមត្ថកិច្ចបានចុះឡោមព័ទ្ធបន្ទប់ជួល ជាលទ្ធផលឃាត់បានជនសង្ស័យ ៣នាក់ ដកហូតវត្ថុតាងអាវុធខ្លី ១ដើម ម៉ាក K54 បង់ ១ គ្រាប់ចំនួន ៣គ្រាប់ ដាវសាំម៉ារ៉ៃ១ដើម កាបិតប៉័ងតោ១ ដែកកែច្នៃសម្រាប់ធ្វើសកម្មភាពកាច់សោរកម៉ូតូ និងសម្ភារៈពាក់ព័ន្ធបទល្មើសជាច្រើនទៀត នាំយកទៅកាន់អធិការដ្ឋាននគរបាលខណ្ឌពោធិសែនជ័យ ដើម្បីធ្វើការសាកសួរ។
លោកវរសេនីយ៍ទោ យឹម សារ៉ាន់ អធិការដ្ឋាននគរបាលខណ្ឌពោធិសែនជ័យប្រាប់បញ្ជាក់ឲ្យដឹងថា ក្រោយពីឃាត់ខ្លួនសួរនាំជនសង្ស័យឆ្លើយសារភាពថា ពួកគេធ្លាប់ធ្វើសកម្ម ភាពប្លន់នៅក្នុងរាជធានីភ្នំពេញចំនួន៣លើក ប៉ុន្តែតាមការស្រាវជ្រាវរបស់លោកបញ្ជាក់ថា ក្រុមជនសង្ស័យទាំងនេះធ្លាប់ធ្វើសកម្មភាពប្លន់ចំនួន ២០លើករួចមកហើយ ។ ទោះយ៉ាងណាក្តីកម្លាំងរបស់លោកកំពុងសាកសួរ និងស្រាវជ្រាវបន្តទៀត៕
មតិយោបល់