កណ្ដាលៈ កាលពីវេលាម៉ោង ២និង៣៥នាទីរសៀល ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង រវាងរថយន្តបុកម៉ូតូ បណ្ដាលឲ្យមនុស្សម្នាក់ស្លាប់ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងចន្លោះគីឡូម៉ែត្រលេខ៤០-៤១ ត្រង់ចំណុចភូមិជ្រោយដង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
រថយន្តបង្ក ម៉ាក ហ៊ីយ៉ានដាយ របស់ក្រុមហ៊ុន ដាន ដាន ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 3C-6597 ដឹកអ្នកដំណើរ ភ្នំពេញ វៀតណាម បើកបរដោយឈ្មោះ លឹម បូរ៉ា ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរបើកបរ មានទីលំនៅភូមិត្រពាំងកក់ ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ។
ជនរងគ្រោះឈ្មោះ ពាង ស៊ីណា ភេទប្រុស អាយុ ២៩ឆ្នាំ (ស្លាប់នៅកន្លែងកើតហេតុ) ជនជាតិខ្មែរ មុខរបរកម្មករ ជិះម៉ូតូម៉ាក ហុងដាស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1G-6710 រស់នៅភូមិព្រៃផ្ញា ឃុំរំចេក ស្រុកព្រះស្តេច ខេត្តព្រៃវែង។
ដំណើររឿង៖ មុនពេលកើតហេតុ គេឃើញរថយន្តម៉ាកខាងលើ ធ្វើដំណើរពីអ្នកលឿងទៅភ្នំពេញ បើកបរក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ បានបើកចូលគន្លងម្ខាងទៀត រួចក៏បុកជាមួយម៉ូតូជនរងគ្រោះ ភ្លាមៗនោះ ជនបង្កក៏បានរត់បាត់ស្រមោល ។
ក្រោយកើតហេតុក្រុមកម្លាំងជំនាញ ចុះវាស់វែងយកវត្ថុតាងទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ចំណែកសព ត្រូវបានប្រគល់ជូនសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី និងស្រាវជ្រាវរកអ្នកបើកបរមកដោះស្រាយតាមនីតិវិធីច្បាប់៕
មតិយោបល់