កំពង់ឆ្នាំងៈ លោកអធិការរងស្រុករលាប្អៀរ ទទួលផ្នែកចរាចរណ៍ បានប្រាប់ Post News ថា មានករណីគ្រោះថ្នាក់ចរាចរណ៍ ក្រោយពីបុរសម្នាក់ជិះម៉ូតូក្នុងល្បឿនលឿន ជ្រុលទៅបុកគោយន្តកន្ត្រៃដឹកឈើពីក្រោយ បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង៦យប់ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៨១-៨២ ស្ថិតនៅក្នុងភូមិព្រៃខ្មែរ ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
ជនរងគ្រោះឈ្មោះ ម៉ែន ស៊ីណាត ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅក្នុងភូមិត្រោកកើត ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះជិះម៉ូតូម៉ាក សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង1B-4499 ក្នុងដំណើរស្របទិសគ្នាពីជើងទៅត្បូងជាមួយនឹងគោយន្តកន្ត្រៃ លុះមកដល់ចំណុចកើតហេតុ បានជិះបុកពីក្រោយគោយន្តកន្ត្រៃពេញទំហឹង បណ្ដាលឲ្យជនរងគ្រោះស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្តង។
ក្រោយពេលកើតហេតុ អ្នកបើកបរគោយន្តកន្ត្រៃរត់គេចខ្លួនបាត់ស្រមោល។ ចំណែកសាកសព ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់