ព័ត៌មានជាតិ

ម៉ូតូកម្មករសំណង់ បើកបុកម៉ូតូកម្មការិនីកាត់ដេរ របួសមនុស្ស៣នាក់

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូសេ១២៥ បើកល្បឿនលឿន ជ្រុលទៅបុកម៉ូតូធូដេ កំពុងបើកឆ្លងផ្លូវ បណ្ដាលឲ្យមនុស្ស៣នាក់រងរបួសធ្ងន់ស្រាល កាលពីវេលាម៉ោង៦ និង៥០នាទីព្រឹក ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩ តាមផ្លូវ៣០ម៉ែត្រ ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ។

តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុភាគីម៉ូតូ ម៉ាក ធូដេ ពណ៌ត្រួយចេក ពាក់ស្លាកលេខ ភ្នំពេញ 1CL-5294 បើកបរដោយនារីម្នាក់ ឈ្មោះ ឆន សុភី អាយុ២៨ឆ្នាំ មុខរបរ កម្មកររោងចក្រ រងរបួសធ្ងន់ (បែកក្បាល សន្លប់វង្វេងបាត់ស្មារតី) ធ្វើដំណើរពីកើតទៅលិច ដល់ចំណុចកើតហេតុ បត់ឆ្លងផ្លូវចូលរោងចក្រ ត្រូវបានភាគីម៉ូតូ សេ១២៥ ស៊េរី២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FY-9145 ជិះគ្នា២នាក់ បើកបរ ដោយឈ្មោះ រិន សារិទ្ធ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកម្មករសំណង់ រងរបួសធ្ងន់ មានទីលំនៅភូមិប្រតោង ឃុំស្វាយភ្លើង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។ រួមដំណើរជាមួយ ឈ្មោះ កុយ សុវត្តិ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ កម្មករសំណង់ មានទីលំនៅជាមួយគ្នា រងរបួសស្រាល ។

ក្រោយកើតហេតុ ជនរងគ្រោះទាំង៣នាក់ ត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុម: ។ ចំណែកម៉ូតូទាំង២គ្រឿង ត្រូវបាន សមត្ថកិច្ច វាស់វែងរួចយកទៅរក្សាទុកនៅ ផ្នែកជំនាញ អធិការដ្ឋានខណ្ឌ រង់ចាំដោះស្រាយពេលក្រោយ៕

មតិយោបល់