ព័ត៌មានជាតិ

ផ្អើលអស់ហ្វូងមច្ឆា! កុងតឺន័រ បោះពួយលឿនទៅបុកគូទរថយន្តបែន រួចចុះត្រាំទឹកស្អុយ

ភ្នំពេញៈ កុងតឺន័របើកល្បឿនលឿន បោលទៅបុកគូទរថយន្តបែនដឹកថ្ម ហើយរេចង្កូតធ្លាក់ប្រឡាយទឹកស្អុយខ្ទេចមុខ រងរបួសអ្នកបើកបរ កាលពីវេលាម៉ោង៨ និង៥០នាទីព្រឹក ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅតាមមហាវិថី ឈ្នះឈ្នះ ភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។

រថយន្តបង្កកុងតឺន័រម៉ាក FUSO ពណ៌ក្រហម គ្មានពាក់ស្លាកលេខ តែត្រូវបាន អ្នកបើកបរប្រាប់ថា មានស្លាកលេខ 3B-9383 ។

តាមប្រភពពលរដ្ឋ ឃើញហេតុការណ៍ នៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុរថយន្ត កុងតឺន័រមួយគ្រឿង ពណ៌ក្រហម ធ្វើដំណើរពីត្បូងទៅជើង តាមបណ្តោយផ្លូវទំនប់កប់ស្រូវ មកដល់ចំណុចខាងលើ ជ្រុលទៅបុកពីក្រោយរថយន្តបែនដឹកថ្ម កំពុងបើកស្របទិស បើកស៊ីញ៉ូ បត់ឆ្លងផ្លូវត្រឡប់ក្រោយ បណ្តាលឲ្យកុងតឺន័ររេចង្កូតទៅស្តាំ ធ្លាក់ចូលប្រឡាយទឹកស្អុយ ផ្អើលអស់ហ្វូងមច្ឆា ចំណែករថយន្តខ្ទេចផ្នែកខាងមុខ រងរបួស អ្នកបើកបរ ។

តាមពលរដ្ឋលើកឡើងថា អ្នកបើកបររថយន្តកុងតឺន័រភាគច្រើន បើកព្រហើន ពុំសូវគោរពច្បាប់ក្នុងក្នុងបើកបរនោះទេ។ ករណីខាងលើ ក្រោយកើតហេតុ ភាគីរថយន្តបែនដឹកថ្ម បានបើករហូតដល់ផ្លូវបេតុង វត្តពោធិ៍ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់បាន ។

រថយន្តទាំង២គ្រឿង ក្រោយពីសមត្ចកិច្ច ចុះទៅពិនិត្យ មួយគ្រឿង មានសភាពខូចខាតធ្ងន់ធ្ងរ ធ្លាក់កប់ទឹកប្រឡាយស្អុយ បានប្រគល់ជូនទៅខាងការិយាល័យចរាចរណ៍ជើងគោកក្រុងភ្នំពេញ ចាត់វិធានការ អូសយកទៅរក្សាទុកនៅប៉ុស្តិ៍ រង់ចាំដោះស្រាយពេលក្រោយ និងរង់ចាំធ្វើតេស្តទឹកនោមអ្នកបើកបរ រកសាធាតុញៀនផងដែរ កុំឲ្យចេះតែបើកព្រហើនពេក៕

មតិយោបល់