ព័ត៌មានជាតិ

អាសូរណាស់! ប្ដីស្រវឹង រករឿងវាយប្រពន្ធពពោះ ៦ខែ រហូតធ្លាក់ឈាម របួសយ៉ាងដំណំ

កណ្តាលៈ កាលពីវេលាម៉ោង ៧ និង៤៥ នាទីយប់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ ២០១៩ មានករណីអំពើហិង្សាក្នុងគ្រួសារ ត្រង់ចំណុចភូមិព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ ភុន ចាន់ណា ភេទស្រី អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ៊ុតសក់ ទីលំនៅភូមិព្រែកតាសោម ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល (ប្រពន្ធ) ។ ចំណែកជនសង្ស័យឈ្មោះ លុក ភណ័ ហៅ គុណ ភេទ ប្រុស មុខរបរបើករថយន្តដឹកឥដ្ឋ មានទីលំនៅភូមិព្រែកតាសោម ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល ត្រូវឃាត់ខ្លួន (ជាប្តី) ។

វត្ថុតាងចាប់យក៖ គ្មាន

ដំណើររឿង៖ រយៈពេល១០ខែមកហើយ ដែលជនរងគ្រោះ និងជនសង្ស័យ មកជួលផ្ទះស្នាក់នៅឯភូមិឃុំកើតហេតុ ហើយសព្វថ្ងៃជនរងគ្រោះ មានផ្ទៃពោះ៦ខែ (កូនភ្លោះ) ។

ដោយនៅវេលាថ្ងៃកើតហេតុ ជនសង្ស័យ បានផឹកស្រាស្រវឹង រួចរករឿងជេរប្រមាថប្រពន្ធ ដែលជំពាក់លុយគេ តែប្រពន្ធមិនតបតទេ ស្រាប់តែជនសង្ស័យ បែរជាវាយជនប្រពន្ធជាច្រើនដៃ ត្រូវចំក្បាល មុខ ថ្ងាស និងពោះ ខណៈនោះជនរងគ្រោះ បានលើកដៃសំពះអង្វរ តែជនសង្ស័យមិនស្តាប់ ហើយវាយជនរងគ្រោះប្រហែល២០ដៃទៀត បណ្តាលឱ្យជនរងគ្រោះរងរបួសហើមពកថ្ងាស ហើមមុខខាងឆ្វេង ហើមភ្នែកខាងឆ្វេង ពកក្បាល និងមានឈាមហូរតាមទ្វារមាស បន្ទាប់មកជនរងគ្រោះ បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលព្រែកតាមាក់។

ក្រោយទទួលបានបណ្ដឹងភ្លាម កម្លាំងនគរបាលប៉ុស្តិ៍ ចុះអន្តរាគមន៍ ឃាត់ខ្លួនជនសង្ស័យបញ្ជូនមក អធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនិតិវិធី៕

មតិយោបល់