សៀមរាបៈ គ្រាប់យុទ្ធភណ្ឌ មិនទាន់ផ្ទុះ ដែលនៅសល់ពីសម័យសង្គ្រាម ចំនួន៤គ្រាប់ ត្រូវបានពលរដ្ឋប្រទះឃើញ ហើយបានរាយការណ៍ មកសមត្ថកិច្ច ដើម្បីជួយរកកន្លែងសុវត្ថិភាព។
លោកវរសេនីយ៍ត្រី ម៉ាន់ សុខាត់ អធិការនគរបាល ស្រុកអង្គរជុំ បានឲ្យដឹងថា ប្រជាពលរដ្ឋ ដែលរស់នៅភូមិថ្នល់ ឃុំតាសោម ស្រុកអង្គរជុំ បានប្រទះឃើញគ្រាប់ និងក្បាលគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន៤គ្រាប់ បានរាយការណ៍នេះ បានបញ្ជូនដល់កម្លាំងនគរបាល ចំណុះឲ្យអធិការដ្ឋាននគរបាល ស្រុកអង្គរជុំ ។ បន្ទាប់មកកម្លាំងនគរបាល បានចុះទៅដល់កន្លែងកើតហេតុ ហើយចុះអន្តរាគមន៏ នៅតំបន់នោះភ្លាម ដើម្បីការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ។
លោកអធិការនគរបាលស្រុក បានបន្តទៀតថា គ្រាប់យុទ្ធភណ្ឌទាំងនោះជាប្រភេទគ្រាប់៨០មីលីម៉ែត្រ ចំនួន១គ្រាប់, ក្បាលគ្រាប់ប្រភេទ១០០មីលីម៉ែត្រ ចំនួន១គ្រាប់ និងក្បាលគ្រាប់ប្រភេទ DK 75 ចំនួន២គ្រាប់ ។
បច្ចុប្បន្ន លោកអធិការនគរបាលស្រុក បានរាយការណ៍ជូនលោកប្រធានការិយាល័យ នគរបាលគ្រប់គ្រង អាវុធជាតិផ្ទុះ នៃស្នងការដ្ឋាននគរបាល ខេត្តសៀមរាប ដើម្បីធ្វើការទំនាក់ទំនងទៅមន្ត្រីស៊ីម៉ាក់ ប្រចាំខេត្តសៀមរាប ចុះមកយកគ្រាប់ យុទ្ធភណ្ឌមិនផ្ទុះនោះ ទៅរក្សាទុកកន្លែង មានសុវត្ថិភាព ដើម្បីធ្វើការកំទេចចោល៕
មតិយោបល់