ព័ត៌មានជាតិ

អុញនោះ! កឺៗត្រូវជនសង្ស័យ២នាក់ វាយបែកក្បាលរបួសធ្ងន់

ស្វាយរៀង: មានករណីហិង្សានៅចំណុចមុខតំបន់ពិសេសរោងចក្រ វីហ្គារីស៍ ស្ថិតក្នុងភូមិដើមពោធិ៍ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩ ។

ជនរងគ្រោះ មានឈ្មោះ យិន ស៊ីយី (YIN ZIYI) អាយុ ២៣ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ ០៩៨០២១៧២៨០ មុខរបរបុគ្គលិករោងចក្រ វ៉ន់ ហ្វូង ស្នាក់នៅក្នុងរោងចក្រ វ៉ន់ ហ្វូង ភូមិដើមពោធិ៍ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។

ជនសង្ស័យទី១ឈ្មោះ យង់ វ៉ាន់ដន អាយុ ២១ឆ្នាំ មុខរបរមិនពិតប្រាកដ និងទី២ឈ្មោះ ទេព សាបាន អាយុ ៣៧ឆ្នាំ មុខរបរកសិករ អ្នកទាំងពីររស់នៅ ភូមិប្រសូតិទី១ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។

ដំណើររឿង៖ មុនកើតហេតុ ជនសង្ស័យទាំង២នាក់ បានផឹកស្រាស្រវឹងហើយ ក៏ជិះម៉ូតូចូលទៅតំបន់សេដ្ឋកិ្ចពិសេសវីហ្គារីស៍ ដើម្បីបន្តផឹកស្រាទៀត ខណ:នោះ ស្រាប់តែបានជួបបុរសរងគ្រោះកំពុងអង្គុយផឹកស្រាតែម្នាក់ឯង ជនសង្ស័យឈ្មោះ ដន បាននិយាយភាសាចិនឌឺដងធ្វើឲ្យជនជាតិចិន ខឹងក្រោកដើរចេញពីតុ ផឹកបម្រុងចូលរោងចក្រវិញ តែត្រូវជនសង្ស័យចាប់ទាញដបស្រាបៀរអង្គរ ស្ទុះទៅវាយក្បាលមួយដបបណ្តាលឲ្យ រងរបួសធ្ងន់បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ នាំគ្នាចោមរោមមើល និងឃាត់ខ្លួនជនសង្ស័យប្រគល់ឲ្យសមត្ថកិច្ច។

ក្រោយកើតហេតុជនរងគ្រោះ ត្រូវបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យបង្អែកជីភូក្រុងបាវិត ចំណែកជនសង្ស័យ ត្រូវសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅអធិការដ្ឋានស្រុកស្វាយទាប ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

មតិយោបល់