ព័ត៌មានជាតិ

សហរដ្ឋអាមេរិកច្រានចោល របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋអ៊ីរ៉ង់ថា មានការយល់ព្រមក្នុងការដោះដូរទណ្ឌិត

(Reuter) សហរដ្ឋអាមេរិកបានបដិសេធរបាយការណ៍របស់ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ដែលបាននិយាយថា អាមេរិកនិងអ៊ីរ៉ង់បានឈានដល់ការធ្វើកិច្ចព្រមព្រៀងដោះដូរអ្នកទោសដើម្បីជាថ្នូរនឹងការលើកលែងការបង្កកមូលនិធិប្រេងអ៊ីរ៉ង់ដែលមានទឹកប្រាក់ចំនួន ៧ ពាន់លានដុល្លារ ក្រោមការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកទៅលើប្រទេសដទៃ។

កាលពីថ្ងៃអាទិត្យ ទូរទស្សន៍រដ្ឋអ៊ីរ៉ង់បាននិយាយថា រដ្ឋាភិបាលក្រុងតេអេរ៉ង់នឹងដោះលែងជនជាតិអាមេរិកចំនួន ០៤ នាក់ ដែលត្រូវបានចោទប្រកាន់ពីបទធ្វើចារកម្ម ដើម្បីជាថ្នូរនឹងការដោះលែងជនជាតិអ៊ីរ៉ង់ចំនួន ០៤ នាក់ ដែលបានឃុំឃាំងនៅសហរដ្ឋអាមេរិក និងការលើកលែងមូលនិធិអ៊ីរ៉ង់ដែលត្រូវបានបង្កក។

រដ្ឋាភិបាលសហរដ្ឋអាមេរិកបានបដិសេធថា មិនមានការយល់ព្រមទៅលើកិច្ចព្រមព្រៀងណាមួយ ឡើយ។ ប្រេសិតអ៊ីរ៉ង់ប្រចាំនៅអង្គការសហប្រជាជាតិលោក Majid Takht Ravanchi បាននិយាយថា ពុំមានអ្វីបញ្ជាក់ពីរបាយការណ៍នេះទេ ដោយបន្ថែមថាទីក្រុងតេអេរ៉ង់តែងតែអំពាវនាវឲ្យមានការដោះដូរអ្នកទោសពេញលេញជាមួយទីក្រុងវ៉ាស៊ីនតោន។

ទូរទស្សន៍រដ្ឋបានដកស្រង់សំដីមន្ត្រីអ៊ីរ៉ង់ម្នាក់ដែលមិនបង្ហាញអត្តសញ្ញាណក៏បាននិយាយផងដែរថា ជនជាតិអង់គ្លេសដើមកំណើតអ៊ីរ៉ង់ម្នាក់ដែលមានឈ្មោះ Nazanin Zaghari-Ratcliffe នឹងត្រូវដោះលែងនៅពេលដែលអង់គ្លេសបានសងបំណុលលើសម្ភារៈយោធាដែលជំពាក់ក្រុងតេអេរ៉ង់។

ការិយាល័យការបរទេសប្រទេសអង់គ្លេសបានបដិសេធមិននិយាយពីរបាយការណ៍នោះទេ។

ប្រទេសអ៊ីរ៉ង់ និងមហាអំណាចពិភពលោកកំពុងធ្វើកិច្ចចរចាដើម្បីស្តារកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ ដែលទីក្រុងវ៉ាស៊ីនតោនបានបោះបង់ចោលកាលពី ០៣ ឆ្នាំមុន ឡើងវិញ និងការដាក់ទណ្ឌកម្មលើក្រុងតេអេរ៉ង់សារជាថ្មី ៕

 

 

មតិយោបល់